ក្រុមក្រសួងការពារជាតិ (ទ័ព) និងក្រុមប៉ូលិស សុទ្ធតែកំពុងបើកការប្រមូលផ្តុំជាលក្ខណៈពិសេស ដើម្បីត្រៀមឡើងទៅជួបគ្នា ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃសៅរ៍នេះ។

គ្រូបង្វឹកក្រុមប៉ូលិស លោក សារ៉េត ស៊ីដន បានប្រាប់ថា ក្រុមរបស់លោក កំពុងប្រមូលផ្តុំពិសេស ដោយហ្វឹកហាត់ជុំគ្នា ស្នាក់នៅជុំគ្នា នៅសណ្ឋាគារសារិកា ដោយមានឡានដឹកទៅដឹកមក ទៅកាន់កន្លែងហ្វឹកហាត់ នៅទីលាន AUCC ម្តុំទួលសង្កែ ដែលធ្វើឲ្យលោកមិនបារម្ភទៅលើគុណភាពកម្លាំងរបស់កូនក្រុមគាត់នោះទេ។

លោក សារ៉េត ស៊ីដន បានប្រាប់ថា៖ «ចំពោះគុណភាពកម្លាំងរបស់កីឡាករ វាមិនមានបញ្ហាអ្វីទេ ព្រោះឯកឧត្តមប្រធានក្លិប ជួន ណារ៉ុន និងឯកឧត្តមអគ្គស្នងការនគរបាលជាតិ នេត សាវឿន បានធ្វើការប្រមូលផ្តុំពួកយើងកាលពីថ្ងៃពុធ ដោយយើងបានហូកចុក ស្នាក់នៅ និងហ្វឹកហាត់ជុំគ្នា ជាពិសេសមួយ»។

លោកបានបន្ថែមថា៖ «ការប្រមូលផ្តុំជាពិសេសនេះ យើងផ្តោតទៅលើចំណុចសំខាន់៣ ទី១ ការបង្កើនការថែទាំសុខភាពកីឡាករយើង ទី២ បង្កើនការហូបចុកពួកគាត់ឲ្យបានច្រើនជាងមុន ព្រោះយើងត្រូវហ្វឹកហាត់ខ្លាំង ហើយទី៣ យើងទទួលបានការលើកទឹកចិត្តខ្លាំងពីឯកឧត្តម នេត សាវឿន គឺបើសិនជាយើងឈ្នះ ឯកឧត្តមថា នឹងមានរង្វាន់ពិសេសជូនពួកយើងទៀត អ៊ីចឹងយើងប្រមូលផ្តុំឆន្ទៈ១០០ភាគរយ សម្រាប់ការប្រកួតនេះ ព្រោះទម្រាំមកដល់វគ្គផ្តាច់ព្រ័ត្រនេះ យើងបានជួបការលំបាកច្រើនណាស់»។

ចំណែកលោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមទ័ព ហាក់មិនមែនការចាប់អារម្មណ៍ទៅការប្រមូលផ្តុំជាលក្ខណៈពិសេសរបស់ក្រុមប៉ូលិសនោះទេ ដោយលោកបាននិយាយថា វាជារឿងធម្មតា គឺបាល់ទាត់នៅលើពិភពលោក គេតែងតែធ្វើបែបនេះ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ក្រុមរបស់លោក មិនបានផ្តោតខ្លាំង ឬភ្ញាក់ផ្អើលខ្លាំង ដូចក្រុមប៉ូលិស នោះទេ។

លោក ភា សុភ័ក្ត្រា បានប្រាប់ថា៖ «យើងក៏បានប្រមូលផ្តុំហ្វឹកហាត់ ហូកចុក ស្នាក់នៅជុំគ្នា កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ព្រោះបាល់ទាត់ពេលប្រកួតសំខាន់ គេតែងធ្វើបែបនេះ ប៉ុន្តែសម្រាប់ការប្រកួតនេះ យើងដូចជាមិនមានអ្វី ដែលភ្ញាក់ផ្អើលនោះទេ ព្រោះមុនដល់មកដល់វគ្គផ្តាច់ព្រ័ត្រនេះ យើងធ្លាប់បានជួបការលំបាកអស់ហើយ ដោយសារយើងជួបសុទ្ធតែក្រុមខ្លាំង ផ្ទុយពីក្រុមប៉ូលិស ដែលបានឡើងមកដោយស្រួលៗ គឺមិនធ្លាប់ជួបក្រុមដាក់សម្ពាធ អ៊ីចឹងហើយពួកគាត់ ត្រូវតែមានការភ្ញាក់ផ្អើល និងប្លែក បែបនេះហើយ»។

យ៉ាងណាក៏ដោយគ្រូបង្វឹកទាំង២ នេះ បានចាត់ទុកជំនួបលើកនេះ នឹងក្លាយជាការប្រកួតដែលមានការជក់ចិត្ត និងស្វិតស្វាញខ្លាំង ព្រោះក្រុមទាំង២ សុទ្ធតែត្រៀមខ្លួនបានល្អដូចគ្នា។ ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានរៀបចំកម្មវិធីពិសេសមួយផងដែរ គឺការដកលុយចំនួន១០០០រៀល នូវរាល់ការលក់សំបុត្រ១សន្លឹក ដើម្បីប្រមូលថវិកាយកទៅបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ខណៈសំបុត្រកំពុងដាក់លក់ គឺសំបុត្រកន្លែងវីអាយភី មានកៅអីអង្គុយ ១សន្លឹកតម្លៃ៥០០០រៀល និងសំបុត្រធម្មតា កន្លែងគ្មានកៅអីអង្គុយ ១សន្លឹកតម្លៃ៣០០០រៀល៕