គ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរី លោក Fandi Ahmad បានសរសេរពីទម្រង់លេងរបស់កម្ពុជាថា លេងបានល្អ មុនពេលក្រុមទាំង២ ត្រូវជួបគ្នា ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គានេះ ដើម្បីត្រៀមការប្រកួតផ្លូវការ AFF Suzuki Cup 2018 នៅខែក្រោយនេះ។

លោក Fandi Ahmad បានសរសើរក្រុមជម្រើសជាតិកម្ពុជា ថា ជាក្រុមលេងបានល្អ សម្រាប់ការប្រកួតនៅក្នុងទឹកដីខ្លួន ហើយលោកគិតថា ចំណុខខ្លាំងនេះ នឹងធ្វើឲ្យការប្រកួតមិត្តភាព នៅល្ងាចនេះ នឹងមានភាពតានតឹងសម្រាប់ក្រុមទាំង២ ក្នុងការស្វែងរកជ័យជម្នះ ប៉ុន្តែលោក Fandi បានបង្ហើបថា លោកនឹងមិនដាក់ជម្រើស១១នាក់ល្អបំផុត សម្រាប់ប្រកួតតទល់ជាមួយក្រុមកម្ពុជា លើកនេះទេ។

លោក Fandi Ahmad បានថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទ ម្សិលមិញថា៖ «កម្ពុជា ជាក្រុមលេងល្អនៅក្នុងផ្ទះ ព្រោះមានទស្សនិកជនជាច្រើន មកគាំទ្រ ធ្វើឲ្យពួកគេមានឆន្ទៈប្រកួតខ្ពស់ ប៉ុន្តែតាមស្ថានភាពក្រុមរបស់យើងនៅពេលនេះ យើងអាចនឹងដាក់កីឡាករថ្មី និងក្រុមយុវជនចូលលេងភាគច្រើន ដើម្បីបង្ហាញសមត្ថភាពរបស់ពួកគេ ក្នុងការប្រកួតលើកនេះ ហើយខ្ញុំគិតថា ក្រុមយុវជនរបស់ខ្ញុំ មានសមត្ថភាព ហើយពួកគេ នឹងបង្ហាញបានល្អ ក្នុងការប្រកួត»។

គ្រូបង្វឹករូបនេះ បានបន្ថែមថា៖ «ការប្រកួតមិត្តភាព២លើកចុងក្រោយរបស់កម្ពុជា ទទួលបានលទ្ធផលមិនទាន់គាប់ប្រសើរប៉ុន្មានទេ អ៊ីចឹងខ្ញុំគិតថា ក្រុមកម្ពុជា នឹងប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការប្រកួតលើកនេះ ដើម្បីឲ្យទទួលបានលទ្ធផលល្អ អ៊ីចឹងការប្រកួតលើកនេះ នឹងមានភាពតានតឹងសម្រាប់ក្រុមទាំង២ តែខ្ញុំនឹងផ្តល់យុទ្ធសាស្រ្តឲ្យបានច្រើនដល់កូនក្រុមខ្ញុំ ព្រោះនេះជាការប្រកួតដ៏ល្អ និងមានការប្រកួតប្រជែងខ្ពស់»៕