ក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្តើមបើកការហ្វឹកហាត់ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងចាប់ដំណើរការប្រកួតវិលជុំសន្សំពិន្ទុតាមពូលទាំង២ នាថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ។

យ៉ាងណាក៏ដោយ លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ថា សម្រាប់ការហ្វឹកហាត់ថ្ងៃទី១ កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញនោះ ជាការហាត់បែបសម្ងាត់ ដោយមិនអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយចូលថតរូប ឬសកម្មភាពនៃការហាត់នោះទេ។

ជាមួយគ្នានេះ ក្រុមជម្រើសជាតិកម្ពុជា ក៏កំពុងនឹងទាក់ទងស្វែងរកក្លិបកំពូលក្នុងស្រុក ដើម្បីបានប្រកួតកម្តៅសាច់ដុំ មុនការប្រកួត AFF Suzuki Cup មកដល់ផងដែរ ប៉ុន្តែគិតត្រឹមថ្ងៃនេះ នៅមិនទាន់មានព័ត៌មានលម្អិតផ្លូវការនៅឡើយទេ។

គួររំឭកថា សម្រាប់ការប្រមូលផ្តុំ លើកចុងក្រោយនេះ លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹកក្រុមកម្ពុជា មិនបានផ្លាស់ប្តូរសមាសភាពកីឡាករណាម្នាក់នោះទេ គឺមានន័យថា កីឡាករទាំងអស់ ដែលត្រូវបានប្រមូលផ្តុំ សម្រាប់ប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមទីម័រខាងកើត និងក្រុមសិង្ហបុរី កន្លងមកនេះ រក្សានៅដដែលទាំងអស់។ បន្ថែមលើនេះ លោក Felix បានបន្ថែមខ្សែប្រយុទ្ធវ័យក្មេងម្នាក់ទៀត គឺ សៀង ចន្ធា ឲ្យប្រមូលផ្តុំលើកនេះផងដែរ៕