ក្រុមអត្តពលិកកីឡាវ៉ូវីណាម រួមទាំងថ្នាក់ដឹកនាំ និងគ្រូបង្វឹកសរុប២៥នាក់ទៀត នឹងធ្វើដំណើរទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកម៉ោង ៩:៣០ ថ្ងៃសុក្រនេះ ដើម្បីទៅចូលរួមការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៤ ឆ្នាំ២០១៨ The 4th AVF ASIAN Vovinam Cahmpionship 2018) ដែលនឹងចាប់ដំណើរការប្រកួតប្រជែងពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែវិច្ឆិកា។

ក្រុមវ៉ូវីណាមកម្ពុជា មិនធ្លាប់ចេញទៅប្រកួតជើងឯកអាស៊ីពីមុនមកទេ ប៉ុន្តែការឈ្នះមេដាយមាស៤ ប្រាក់៩ និងសំរឹទ្ធ៩ ពីការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក ឆ្នាំ២០១៧ នៅឥណ្ឌា និងការឈ្នះបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើនទៀត នៅក្នុងការប្រកួតលើកឆាកអន្តរជាតិ កន្លងមកនេះ បានធ្វើឲ្យពួកគេមានរំពឹងខ្ពស់ ក្នុងការឈ្នះបានមេដាយមាស ក្នុងការប្រកួតជើងឯកអាស៊ី ជាលើកដំបូងនេះ។

លោក ទេព ជីវសុខុម អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្រាប់ថា៖«នេះជាលើកទី១ហើយ ដែលយើងបានចូលរួមការប្រកួតជើងឯកអាស៊ី ប៉ុន្តែយើងត្រៀមបានល្អលើការហ្វឹកហាត់ ធ្វើឲ្យបច្ចេកទេសប្រកួតរបស់យើង មានការរីកចម្រើនជាងមុន អ៊ីចឹងយើងអាចមានសង្ឃឹមដណ្តើមបានមេដាយមាស»។

សម្រាប់ការប្រកួតជើងឯកអាស៊ីនេះ មានប្រទេសជាង២០ បានចូលរួម ហើយក្រុមអត្តពលិកវ៉ូវីណាមទាំង២០នាក់របស់កម្ពុជា នឹងធ្វើការប្រកួតគ្រប់វិញ្ញាសាតែម្តង ដោយក្នុងនោះមានប្រយុទ្ធ១៣ប្រភេទទម្ងន់ និងប្រកួតសម្តែងចំនួន២៤វិញ្ញាសា។ ជាមួយគ្នានេះ លោក ទេព ជីវសុខុម រំពឹងថា កម្ពុជា អាចនឹងប្រជែងបានមេដាយ ទាំងវិញ្ញាសាប្រយុទ្ធ និងសម្តែង៕