​ក្រុម​គោ​ព្រៃ​កម្ពុជា បាន​បរាជ័យ​​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ​​មីយ៉ាន់ម៉ា​​ ដោយ​លទ្ធផល ៤​-១ សម្រាប់​ការ​ប្រកួត​លើក​ទី​២​ក្នុង​ពូល​ A នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 នៅ​ទឹក​ដី​មីយ៉ាន់ម៉ា។​ ការ​ប្រកួត​នៅ​វគ្គ​ទី​១ កម្ពុជា​បាន​​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ការ​គ្រប់​គ្រង​បាល់ និង​ដាក់​សម្ពាធ​លើ​គ្រូ​ប្រកួត​មិន​​បណ្តោយ​ឲ្យ​លេង​​ដោយ​ស្រួល​ៗ​នោះ​ទេ។ ជា​ពិសេស​ក៏​បង្កើត​ឱកាស​មួយ​លើក​ជា​ពីរ​លើក​ទៅ​តំបន់​គ្រោះ​ថ្នាក់​របស់​​ម្ចាស់​​ផ្ទះ​មីយ៉ាន់ម៉ា។ ការ​ទទួល​បាន​ឱកាស​ជា​បន្ត​បន្ទាប់​ កម្ពុជា​បាន​បំប៉ោង​សំណាញ់​ទី​របស់​ម្ចាស់​ផ្ទះ​ដោយ​តារា​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា នៅ​នាទី​ទី​២៣​ បន្ទាប់​ពី​ទទួល​បាល់​ពី​ខ្សែ​បម្រើ​ សុះ ស៊ូហាណា។

បន្ទាប់​ពី​ត្រូវ​ក្រុម​ភ្ញៀវ​បើក​ការ​នាំ​មុខ ១-០ ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​បាន​ព្យាយាម​ដាក់​សម្ពាធ​ខ្លាំង​​មក​លើ​ក្រុម​កម្ពុជា​ដែល​​ធ្វើ​ឲ្យ​ទទួល​បាន​ការ​គ្រប់​គ្រង​បាល់​ច្រើន​ជាង​កម្ពុជា។ ទោះ​ជា​ដាក់​សម្ពាធ​យ៉ាង​ណា​ ក៏​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​បាន​ឡើយ​ដោយ​មើល​ឃើញ​ថា ខ្សែ​បម្រើ​របស់​ម្ចាស់​ផ្ទះ​ពិបាក​ក្នុង​ការ​អូស​បាល់ ឬ​បញ្ជូន​ចូល​ប្រអប់​គ្រោះ​ថ្នាក់​របស់​កម្ពុជា ខណៈ​ខ្សែ​ការពារ​របស់​កម្ពុជា​បាន​ព្យាយាម​បិទ​យ៉ាង​ល្អ។ ទន្ទឹម​ជា​មួយ​នឹង​ការព្យាយាម​ការពារ ក៏​កម្ពុជា​ទទួល​បាន​ឱកាស​វាយ​ម្តង​ម្កាល​ដែរ។

ដោយ​ឡែក​ចំពោះ​ការ​ប្រកួត​នៅ​វគ្គ​ទី​២ មីយ៉ាន់ម៉ា​បាន​ព្យាយាម​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​​កម្ពុជា​​បាន​ត្រឹម​តែ​ការពារ​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ដូរ​ចេញ។ ការវាយ​សម្រុក​ខ្លាំង​ធ្វើ​ឲ្យ​កម្ពុជា​របូត​គ្រាប់​បាល់​៤​គ្រាប់​។ គ្រាប់​ទី​១​​រក​បាន Hlaing Bo Bo នៅ​នាទី​៦០​ដើម្បី​តាម​ស្មើ​ ១-១។ ៩​នាទី​ក្រោយ​មក​ មីយ៉ាន់ម៉ា​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ ប៉ុន្តែ​អ្នក​ចាំ​ទី​កម្ពុជា កែវ សុខសិលា សង្គ្រោះ​បាល់​បាន។ យ៉ាង​ណា​នៅ​នាទី​៧០ Htet Aung ស៊ុត​​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ ២-១ បន្ទាប់​ពី​អ្នក​ចាំ​ទី​​លោត​ចាប់​បាល់​មិន​បាន​ល្អ។ នៅ​ពេល​កម្ពុជា​ព្យាយាម​រក​បាល់​តាម​ស្មើ ប៉ុន្តែមីយ៉ាន់ម៉ា​ស៊ុត​​គ្រាប់​បាល់​ទី​៣​នៅ​នាទី​ទី​៨៧​ដោយ​កីឡាករ Thu Aung Si ហើយ​នៅ​ម៉ោង​បន្ថែម​ម្ចាស់​ផ្ទះ​ស៊ុត​បាន​១​គ្រាប់​ទៀត ដើម្បី​បញ្ចប់​ការ​ប្រកួត​ដោយ​លទ្ធផល ៤-១៕

ក៏ប៉ុន្តែសូម​សរសើរ​កីឡាករ​ក្រុម​ជម្រើស​ជាតិកម្ពុជា​ដែល​ប្រឹងប្រែង​លេង​នៅ​មុខ​អ្នក​គាំទ្រ​មីយ៉ាន់ម៉ា​រាប់​ម៉ឺន​នាក់​ ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ ហើយ​សង្ឃឹម​ថា​នៅ​សល់​ពីរ​ប្រកួត​ទៀត​យើង​និង​កែប្រែ​ចំណុច​ដែល​នៅ​ខ្វះខាត​នេះ​បន្ថែម​ទៀត​។ ចំណែកឯប្រកួត​បន្ទាប់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ គឺ​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ជម្រើស​ជាតិ​ឡាវ​ នៅ​ថ្ងៃទី​ 24/11/2018 ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា៕

សូមទស្សនាវិដេអូហាយឡាយរបស់ក្រុមទាំងពីរខាងក្រោមនេះ: