គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Claudio Ranieri ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Fulham ដើម្បីជំនួសកន្លែងរបស់លោក Slavisa Jokanovic។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបកំពុងតែត្រដាបត្រដួសក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃពុធ។

គ្រូបង្វឹកសញ្ជាតិស៊ែប៊ីលោក Jokanovic បានដឹកនាំឲ្យក្រុម Fulham ឡើងទៅប្រកួតក្របខ័ណ្ឌកំពូល ពីក្របខ័ណ្ឌលំដាប់ទី២ Championship តាមរយៈការវគ្គ Playoff កាលពីរដូវកាលមុន ប៉ុន្តែ ក្លិបមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍មួយនេះ បានបង្កើតឲ្យមានការចាប់ផ្តើមយ៉ាងត្រដាបត្រដួស និងកំពុងតែស្ថិតនៅបាតតារាងនៃក្របខ័ណ្ឌលីក ដោយឈ្នះតែ១លើកគត់ពីការប្រកួត១២លើក។ លោក Shahid Khan ប្រធានក្លិប Fulahm បាននិយាយថា លោកបានធ្វើសម្រេចចិត្តនេះទាំងមានការស្ទាក់ស្ទើរ ប៉ុន្តែមានអារម្មណ៍ថា ការផ្លាស់ប្តូរចាំបាច់ត្រូវតែធ្វើ។

លោក Khan បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំមិនបានគិតថា ត្រូវតែធ្វើការប្រកាសនេះទាក់ទងនឹងលោក Slavisa ឡើយ និងមិនចង់ឲ្យមានស្ថានភាពបែបនេះ ដែលខ្ញុំមិនចាំបាច់ត្រូវតែធ្វើ»។ លោកបានបន្ថែមទៀតថា៖ «ប៉ុន្តែផ្លូវការរបស់យើងនៅរដូវកាលនេះ បានធ្វើឲ្យខ្ញុំត្រូវធ្វើអ្វីដែលខ្ញុំដឹងថា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងពេលវេលាដ៏ស័ក្តិសម សម្រាប់កីឡាករ ក្លិប និងអ្នកគាំទ្ររបស់យើង»។ លោក Ranieri បានឈ្នះពានក្របខ័ណ្ឌ Premier League ជាមួយនឹងក្លិប Leicester City កាលពីឆ្នាំ២០១៦ និងទើបតែបានដឹកនាំក្លិប Nantes របស់បារាំង៕

ប្រភព៖ Channel News Asia