ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបាត់បង់ឱកាសក្នុងការឈានទៅជុំចុងក្រោយនៃយុទ្ធនាការ Nations League ខណៈដែលពួកគេបានរងបរាជ័យក្នុងលទ្ធផល ៣-២ ក្រោមស្នាដៃក្រុមជម្រើសជាតិក្រូអាស៊ី កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីមានគ្រាប់បាល់ឈ្នះពីសំណាក់ខ្សែការពារ Tin Jedvaj។

លទ្ធផលនេះ មានន័យថា ក្រុមឈ្នះក្នុងការប្រកួតរវាងក្រុមជម្រើសជាតិអង់គ្លេស និងក្រូអាស៊ី នៅថ្ងៃអាទិត្យ នឹងបញ្ចប់ដោយការឈរលេខ១ ក្នុងពូល A ក្រុម 4 ស្របពេលដែលក្រុមជម្រើសជាតិអេស្ប៉ាញ នៅតែអាចឈានទៅវគ្គបន្ត ប្រសិនបើការប្រកួតចុងក្រោយនៃពូលនេះ បញ្ចប់ក្នុងលទ្ធផលស្មើនាកីឡដ្ឋាន Wembley។ ក្រុមជម្រើសជាតិក្រូអាស៊ី ដណ្តើមបានជ័យជម្នះដ៏ស័ក្តិសម ក្នុងទីក្រុង Zagreb ខណៈដែល Jedvaj រកបាន ២គ្រាប់ ដែលជាគ្រាប់បាល់អន្តរជាតិជាលើកទី១ របស់គេ ដើម្បីដណ្តើមយកជ័យជម្នះដ៏គួរឲ្យចងចាំមួយក្នុងការប្រកួតដ៏ស្វិតស្វាញមួយ។

កីឡាករ Andrej Kramaric បានជួយឲ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខមុន ប៉ុន្តែក្រុមជម្រើសជាតិអេស្ប៉ាញ បានធ្វើការវាយបកតាមស្មើ២លើកតាមរយៈគ្រាប់បាល់របស់ Dani Ceballos និង Sergio Ramos ដើម្បីធ្វើឲ្យអេស្ប៉ាញ ហាក់ស្ថិតនៅលើផ្លូវនៃការដណ្តើមបាន១ពិន្ទុទៅហើយ នៅមុនពេល Jedvaj រកបានគ្រាប់បាល់ឈ្នះនៅនាទីបន្ថែម។ ក្រុមជម្រើសជាតិក្រូអាស៊ី នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ទាំងការជឿជាក់ ស្របពេលដែលក្រុមជម្រើសជាតិអេស្ប៉ាញ បានរងបរាជ័យ២លើកជាប់ៗគ្នា ក្រោមស្នាដៃដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Luis Enrique ក្រោយពីបានរងបរាជ័យក្នុងលទ្ធផលដូចគ្នានេះ លើទឹកដីខ្លួនឯង ក្រោមស្នាដៃក្រុមជម្រើសជាតិអង់គ្លេស កាលពីខែមុន៕

ប្រភព៖ Channel News Asia