ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ចង់បញ្ចប់ឆ្នាំដែលប្រកបដោយភាពត្រដាបត្រដួសរបស់ពួកគេ តាមរយៈការផ្តួលក្រុមជម្រើសជាតិហូឡង់ ក្នុងទីក្រុង Gelsenkirchen នៅរាត្រីនេះ និងរារាំងមិនឲ្យហូឡង់ ឈានទៅវគ្គបន្តនៃយុទ្ធនាការ Nations League។

ក្រុមជម្រើសជាតិហូឡង់ ត្រូវការត្រឹមតែ ១ពិន្ទុគត់ ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិបារាំង ក្នុងលទ្ធផល ២-០ កាលពីថ្ងៃសុក្រ ដើម្បីធ្វើឲ្យក្រុមអាល្លឺម៉ង់ ត្រូវធ្លាក់ចេញទៅកាន់ League B។ ប៉ុន្តែ ក្រុមជម្រើសជាតិអាល្លឺម៉ង់ អាចនឹងកម្ទេចក្តីសង្ឃឹមរបស់ក្រុមជម្រើសជាតិហូឡង់ ដោយការបញ្ចប់ដោយការឈរលេខ១ ក្នុងពូល A1 ខណៈដែលការបណ្តើមបានជ័យជម្នះក្នុងការប្រកួតចុងក្រោយរបស់ពួកគេក្នុងឆ្នាំ២០១៨នេះ នឹងផ្តល់ចំណាត់ថ្នាក់លេខ១ និងកៅអីវគ្គ១/២ផ្តាច់ព្រ័ត្រ ទៅឲ្យក្រុមបារាំង។

ក្រោយពីចាញ់ក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុមហូឡង់ កាលពីខែមុន ដែលជាការបរាជ័យ ១ក្នុងចំណោមការបរាជ័យ ៦លើកដែលអាល្លឺម៉ង់ បានជួបប្រទះក្នុងឆ្នាំ២០១៨ លោកគ្រូបង្វឹក Joachim Loew ត្រូវការជ័យជម្នះដ៏គួរឲ្យជឿជាក់មួយ ខណៈដែលលោកកំពុងតែព្យាយាមរៀបចំក្រុមឡើងវិញ ក្រោយពីជួបការអាម៉ាសក្នុង World Cup។ លោក Loew បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា៖ «យើងមានចំណុចមួយដែលត្រូវបង្ហាញ ហើយនិងធ្វើរាល់អ្វីៗទាំងអស់ដើម្បីឈ្នះការប្រកួតនេះ។ វាជារឿងដ៏គួរឲ្យខ្មាស់សម្រាប់យើងដែលយើងមិនអាចផ្លាស់ប្តូរស្ថានផាពក្នុងពូលនេះ ប៉ុន្តែបច្ចុប្បន្ន យើងត្រូវតែរៀននូវមេរៀនដ៏ត្រឹមត្រូវ និងធ្វើឲ្យបានល្អបំផុតក្នុងឆ្នាំដ៏ខកចិត្តនេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ប្រភព៖ Channel News Asia