ក្រុម Sevilla បានឡើងទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga តាមរយៈការយកឈ្នះ ១-០ លើក្រុម Real Valladolid កាលពីថ្ងៃអាទិត្យ ដើម្បីនាំមុខ ១ពិន្ទុដាច់លើក្រុម Barcelona នៅលើកំពូលតារាង។ ក្រុមរបស់លោក Pablo Machin បានដឹងថា ការដណ្តើមបានជ័យជម្នះ នឹងធ្វើឲ្យពួកគេឡើងទៅឈរនៅលើកំពូលតារាង ក្រោយពីក្រុម Barcelona បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Atletico Madrid កាលពីថ្ងៃសៅរ៍ ហើយពួកគេបានដណ្តើមជ័យជម្នះដោយគ្មានការជឿជាក់មួយ តាមរយៈគ្រាប់បាល់ពីសំណាក់ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Andre Silva នៅនាទីទី៣០។

ក្រុម Sevilla ដណ្តើមបានជ័យជម្នះ បើទោះបីខ្សែប្រយុទ្ធអន្តរជាតិតួកគី Enes Unal របស់ក្រុមភ្ញៀវ បានជួបការខកចិត្តដោយសារតែគ្រាប់បាល់២គ្រាប់របស់គេមិនត្រូវបានអនុញ្ញាតឲ្យយកជាផ្លូវការ ដោយសារតែជាបាល់ Offside ក្រោយពីសម្រាកតង់ទី១។ អ្នកចាំទី Tomas Vaclik របស់ក្រុមម្ចាស់ផ្ទះ ក៏បានសង្គ្រោះបាល់១គ្រាប់យ៉ាងល្អផងដែរ ដើម្បីរារាំងមិនឲ្យ Unal រកបានគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួត។ បច្ចុប្បន្នក្រុម Sevilla កំពុងនាំមុខលើកំពូលតារាង ដោយមាន២៦ពិន្ទុ ក្រោយពីការប្រកួត១៣លើក ដើម្បីនាំមុខលើក្រុម Barcelona ដែលមាន ២៥ពិន្ទុ។

ក្រុម Atletico កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយមាន២៤ពិន្ទុ ខណៈដែលក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ដោយមាន២០ពិន្ទុ ក្រោយពីការចាញ់ដ៏អាម៉ាស ក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Eibar កាលពីថ្ងៃសៅរ៍៕

ប្រភព៖ Channel News Asia