ប្រភេទកីឡាមានសក្តានុពលរបស់កម្ពុជាចំនួន២ទៀត ត្រូវបានអង្គប្រជុំរបស់គណៈកម្មាធិការជាតិ (NOC) នៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន បានឯកភាពដាក់បញ្ចូលឲ្យមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ខាងមុខនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំ ដែលត្រូវបានធ្វើឡើងនៅប្រទេសហ្វីលីពីន កាលពីចុងសប្តាហ៍នេះ បានឲ្យដឹងថា ម្ចាស់ផ្ទះហ្វីលីពីន និងប្រទេសមួយចំនួនទៀត បានឯកភាព ក្នុងការដាក់ប្រភេទកីឡាមានសក្តានុពលរបស់កម្ពុជា២ទៀត មានស្នូកឃ័រ (Billiards snooker) និងកីឡា Jutjutsu ដែលទើបឈ្នះមេដាយមាសពីការប្រកួតកីឡាអាស៊ី ឲ្យចូលរួមការប្រកួតស៊ីហ្គេម នៅឆ្នាំ២០១៩ ជាផ្លូវការហើយ។
លោក វ៉ាត់ ចំរើន បានរៀបរាប់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ពីប្រទេសហ្វីលីពីន តាមតេឡេក្រាមថា៖ «សូមគោរពរាយការណ៍ជូន ខ្លឹមសារលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំចុងក្រោយ ត្រៀម SEA Games គឺម្ចាស់ផ្ទះសម្រេចចុងក្រោយជាផ្លូវការ ចំនួន ៥៦ ប្រភេទកីឡា ក្នុងនោះប្រភេទកីឡាដែលកម្ពុជាស្នើសុំ ជាប្រភេទកីឡាមានសក្តានុពលត្រូវបានសម្រេចដាក់បញ្ចូលរួចហើយ ដូចជា តេក្វាន់ដូ ប៉េតង់ វ៉ូវីណាម Jutjutsu, Billiards snooker, Soft Tennis ហើយបាល់ទាត់កម្ពុជាស្នើសុំ U22 ត្រូវបានឯកភាពផងដែរ»។
លោកបានបន្ថែមថា ចំពោះវិញាសាប្រកួតវិញ គឺម្ចាស់ផ្ទះហ្វីលីពីន នឹងយកទៅប្រកាស នៅថ្ងៃទី៧ ខែធ្នូ ២០១៨ ដោយយកមូលដ្នាន នៃការស្នើសុំពី NOC ទាំងអស់ក្នុងកិច្ចប្រជុំនេះ ជាផ្លូវការ ខណៈការប្រកួតស៊ីហ្គេម SEA Games 2019 នៅហ្វីលីពីន ខាងមុខនេះ នឹងបើកផ្លូវការ នៅថ្ងៃទី៣០ ខែវិច្ឆិកា ហើយបិទនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩។
ជាមួយការដាក់ឲ្យមានការប្រកួតឡើងវិញរបស់ប្រភេទកីឡាវ៉ូវីណាម ព្រមទាំងការដាក់បញ្ចូលប្រភេទកីឡាថ្មី Jutjutsu ស្នូកឃ័រ និងកីឡាសូហ្វតិន្នីស នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣០នេះ បានក្លាយជាក្តីសង្ឃឹមសម្រាប់កម្ពុជា ក្នុងការប្រជែងរកមេដាយបានច្រើន ព្រោះប្រភេទកីឡាទាំង៤នេះ គឺកម្ពុជា មានអនុភាពខ្ពស់ ក្នុងការឈ្នះបានមេដាយ ខណៈការប្រកួតស៊ីហ្គេម កាលពីឆ្នាំ២០១៧ ប្រភេទកីឡាប៉េតង់ តេក្វាន់ដូ និងប្រដាល់សេរី បានរួមគ្នាឈ្នះមេដាយមាសចំនួន៣ឲ្យកម្ពុជា រួមជាមួយមេដាយប្រាក់២ និងសំរឹទ្ធចំនួន១២៕