សហព័ន្ធកីឡាចំបាប់កម្ពុជា ដែលទើបធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីទី៧ ឆ្នាំ២០២១-២០២៥ នោះ បានបង្ហាញពីមហិច្ឆតា ក្នុងការជំរុញឱ្យគ្រប់ផ្នែក ត្រូវខិតខំធ្វើយ៉ាងណា អាចឈានទៅបំបែកកំណត់ត្រាប្រវត្តិសស្រ្ត ក្នុងការឈ្នះមេដាយមាសឱ្យបានច្រើនជាង៤ នៅឆ្នាំ២០២៣។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន ដែលទទួលបានការគាំទ្រឱ្យបន្តធ្វើជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជានោះ បានជំរុញឱ្យគណៈកម្មាធិការប្រតិបត្តិថ្មី ត្រូវតែមានការរួបរួមគ្នាដោយឆន្ទៈ ការលះបង់ និងធ្វើឱ្យមានសុខដុមនីយកម្ម ដើម្បីជួយឱ្យប្រភេទកីឡាប្រពៃណីមួយនេះ អាចឈានទៅសម្រេចគោលដៅ ក្នុងការឈ្នះមេដាយមាសឱ្យបានច្រើនជាង៤ ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន បានលើកឡើងថា៖ «ដើម្បីសម្រេចជោគជ័យ ជាប្រវត្តិសាស្ត្រ ជាលើកដំបូង នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សូមគ្រួសារសហព័ន្ធចំបាប់រួបរួមឆន្ទៈ ការលះបង់ និងធ្វើឱ្យមានសុខដុមនីយកម្ម ដើម្បីសម្រេចឱ្យបាននូវបេសកកម្មជាប្រវត្តិសាស្ត្រនេះ ព្រោះពេលនេះយើងមានគណៈកម្មាធិការប្រតិបត្តិថ្មីហើយ ហើយយើងមានភារកិច្ចជាច្រើន ដែលត្រូវធ្វើបន្ត ។ ការងារជាច្រើននេះ យើងត្រូវបានការឆន្ទៈ និងសេចក្តីក្លាហាន ដើម្បីធ្វើវាឱ្យសម្រេចនូវបេសកកម្មរបស់យើង»។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងនោះ បានបញ្ជាក់ថា៖« តាមគោលការណ៍របស់ NOCC, CAMSOC ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានដាក់សន្ទស្សន៍ មេដាយមាសឱ្យប្រភេទកីឡាចំបាប់កម្ពុជា ដណ្តើមឱ្យបានយ៉ាងតិចចំនួន២គ្រឿង»។
«ប៉ុន្តែមហិច្ឆតារបស់យើង គឺយើងត្រូវរួមគ្នាធ្វើយ៉ាងណាដណ្តើមមេដាយមាស ឱ្យបានច្រើនជាងមុន ក្នុងប្រវត្តិស៊ីហ្គេម ដែលចំបាប់កម្ពុជា ធ្លាប់ដណ្តើមបានមេដាយមាស៤គ្រឿង កាលពីស៊ីហ្គេម នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣។ មានន័យថា ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺប្រភេទកីឡាចំបាប់ មានមហិច្ឆតា ចង់បានមេដាយមាសច្រើនជាង៤»។ លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែម។
ជាមួយនឹងឆន្ទៈនេះ លោក វ៉ាត់ ចំរើន បានអះអាងថា សហព័ន្ធមានផែនការអភិវឌ្ឍជំនាញច្បាស់លាស់ ហើយលោកបានរំលេចនូវបុគ្គលសំខាន់ៗ ក្នុងដំណើរការអភិវឌ្ឍវិស័យកីឡាមួយនេះ ក្នុងនោះមានបុរសជនជាតិអ៊ីរ៉ង់ លោក Komeil Ghasemi ជាគ្រូបង្គោលជម្រើសជាតិចំបាប់កម្ពុជា ដែលមកជួយបង្ហាត់ក្រុមកីឡាករ កីឡាការិនីកម្ពុជា ក្នុងឆ្នាំ២០២២ ហើយគ្រូបង្វឹករូបនេះ ជាអតីតម្ចាស់មេដាយមាសកីឡាអូឡាំពិកហ្គេម។
អ្វីដែលពិសេសទៀតនោះ សហព័ន្ធកីឡាចំបាប់កម្ពុជា ទទួលបានការឧបត្ថម្ភ គាំទ្រទាំងស្មារតី សម្ភារ និងថវិកា ខ្ទង់ម៉ឺនដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ពីលោក ខេស៊ី បាណេត អនុប្រធានទី១ សហព័ន្ធកីឡាចំបាប់កម្ពុជា ហើយសហព័ន្ធនេះ ក៏មានកិច្ចការទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសហព័ន្ធកីឡាចំបាប់ពិភពលោក និងអាស៊ីជាដើម។
គួរបញ្ជាក់ថា មហាសន្និបាតសហព័ន្ធកីឡាចំបាប់កម្ពុជា បញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីទី៧ ឆ្នាំ២០២១-២០២៥ ដែលត្រូវបានធ្វើ នៅទីស្នាក់ការ NOCC កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ គឺអង្គសន្និបាត បានផ្តល់សេចក្តីទុកចិត្ត និងគាំទ្រជាឯកច្ឆន្ទនូវសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី រួមមាន លោក វ៉ាត់ ចំរើន ជាប្រធាន, លោក ខេស៊ី បាណេត អនុប្រធានទី១, លោក ហុក ឈាងគីម អនុប្រធានទី២, កញ្ញា កាង ណុចបវរ អគ្គលេខាធិការ, លោក នរះ យុទ្ធ និងសមាជិក៣នាក់ទៀត គឺលោក កាង ដែនពិសិដ្ឋ, លោក នុត សេរីរដ្ឋា, លោក យឹង សុផាណារ៉ា៕