មេដាយមាស ឬវិញ្ញាសាជាង៥០០ កំពុងត្រូវបានត្រៀមដាក់ឱ្យប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ប៉ុន្តែមន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអះអាងថា កម្ពុជា ត្រូវឈរលើភាពស្មោះត្រង់ ក្នុងការប្រកួតយកមេដាយទាំងនេះ ក្នុងនាមម្ចាស់ផ្ទះ ជាលើកដំបូងនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែង នៅក្រោយកិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យការងាររបស់សហព័ន្ធកីឡាជាតិ និងផ្នែកពាក់ព័ន្ធ ដើម្បីសម្រេចលើវិញ្ញាសា ក្នុងការដាក់បញ្ចូលទៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ កាលពីថ្ងៃព្រហស្បតិ៍ថា យើងបានប្រជុំថ្ងៃនេះ គឺកំណត់វិញ្ញាសា ដែលត្រូវដាក់ចូលក្នុងការប្រកួតប្រភេទកីឡានីមួយៗ ដែលត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានសម្រេចរួចហើយ។
លោកបានបន្តថា៖ «អ្វីដែលយើងទទួលបាននូវធាតុចូលសំខាន់ៗពីគ្រប់ប្រភេទកីឡាទាំងអស់ដោយដាក់វិញ្ញាសារបស់ខ្លួន គឺដើម្បីសប្ដាហ៍ក្រោយ (ថ្ងៃច័ន្ទ អង្គារ៍ ពុធ) ដែលជាថ្ងៃប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅឯទីក្រុងបាងកកនោះ គឺ យើងនឹងបង្ហាញគេអំពីប្រភេទវិញ្ញាសាដែលយើងត្រូវបានសម្រេចដាក់នៅក្នុងស៊ីហ្គេម។ អ៊ីចឹងបើយើងបូកទៅ គឺជាង៥០០វិញ្ញាសា ស្មើនឹងជាង៥០០មេដាយមាស ដែលយើងត្រូវរៀបចំ នៅស៊ីហ្គេម ២០២៣»។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «យើងបានជម្រះ ឬបានស្កេនគ្រប់ប្រភេទកីឡាទាំងអស់ឲ្យមានភាពជាក់លាក់ថា វិញ្ញាសាដែលគាត់បានដាក់នេះ ពិតជាមានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ប្រភេទកីឡារបស់ខ្លួន។ គាត់មានយុទ្ធសាស្ត្រសម្រាប់ស្វែងរកឧត្តមភាព ហើយគាត់មានយុទ្ធសាស្ត្រ សម្រាប់ស្វែងរកសក្ដានុពល និងមានយុទ្ធសាស្ត្រ ក្នុងការស្វែងរកនូវជយលាភីរបស់គាត់»។
អ្នកជំនាញកីឡារូបនេះ បានបញ្ជាក់ថា៖ «យើងប្រជុំថ្ងៃនេះ យើងលម្អិតអំពីចំនុចតូចៗណា ដែលយើងមិនទាន់យល់គ្នា នៅមានភាពស្រពេចស្រពិល និងមិនទាន់យល់យុទ្ធសាស្ត្រស៊ីជម្រៅ គឺត្រូវបើកកកាយនៅថ្ងៃនេះ។ អ៊ីចឹងសហព័ន្ធទាំងអស់ បានទទួលហើយនូវគម្រោង ផែនការ និងការកំណត់ប្រភេទវិញ្ញាសារបស់គាត់បានរួចរាល់អស់ហើយ។ យើងនៅសេសសល់តិចតួច។ យើងនឹងបញ្ចប់នៅថ្ងៃនេះ និងថ្ងៃស្អែក ហើយដើម្បីថ្ងៃច័ន្ទ យើងយកទៅក្នុងកិច្ចប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក»។
យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតប្រជែង នៅលើវិញ្ញាសាជាង៥០០ ក្នុងប្រភេទកីឡាចំនួន៣៩ប្រភេទ បូករួមទាំងកីឡាសម្ដែង ១ប្រភេទ សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣នេះ គឺកម្ពុជា បានកំណត់ហើយថា ត្រូវប្រកួតប្រជែង ដោយភាពស្មោះត្រង់ និងថ្លៃថ្នូបំផុត ជាមួយប្រទេសផ្សេងៗ។
នៅត្រង់ចំណុចនេះ លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា៖ « ដោយគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC គឺត្រូវធ្វើយ៉ាងណាឲ្យមានភាពស្មោះត្រង់ និងមានភាពបរិសុទ្ធថ្លៃថ្នូរ ក្នុងការធ្វើការងារបច្ចេកទេស មិនមែនជាការរៀបចំ ដោយមិនគោរពបទបញ្ជាការប្រកួត និងគោលការណ៍ Fair Play នោះឡើយ ពោលគឺធ្វើយុទ្ធសាស្ត្រនៅក្នុងបច្ចេកទេស និងក្នុងក្របខណ្ឌនៃបទបញ្ជាប្រកួត»៕