លោក Eusebio Di Francesco គ្រូបង្វឹករបស់ក្រុម AS Roma បានរិះគន់ជាសាធារណៈទៅលើកីឡាកររបស់លោកកាលពីថ្ងៃចន្ទ សម្រាប់ការខ្វះនូវការប្តេជ្ញាចិត្ត តាមរយៈការនិយាយថា វាមិនមែនជាទំនិញដែលគួរតែត្រូវទិញនៅលើទីផ្សារឡើយ។

ក្រុម Roma ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន និងបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុននោះ បានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម Udinese កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ៧នៅលើតារាង និងមាន១៨ពិន្ទុតាមពីក្រោយក្រុម Juventus។

ពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ពូល G នៅរាត្រីនេះ ដោយត្រូវការត្រឹមតែស្មើប៉ុណ្ណោះដើម្បីឈ្នះកៅអីទៅវគ្គបន្ត ខណៈនៅសល់ ១ប្រកួតទៀត។ លោក Di Francesco បានឲ្យដឹងថា៖ «យើងបានខ្វះនូវការស្រេកឃ្លានក្នុងការឈ្នះ និងការស្រេកឃ្លានទាំងក្នុងតំបន់ការពារ និងប្រយុទ្ធ។ យើងត្រៀមសម្រាប់ការប្រកួតនេះ ហើយខ្ញុំបានឃើញថា វាពិតជាការប្រកួតដ៏សំខាន់បំផុតដែលយើងមាន។ ការចាញ់ ពិតជាធ្វើឲ្យមានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង»។ គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «យើងមិនបានបង្ហាញពីការប្តេជ្ញាចិត្តគ្រប់គ្រាន់ ដែលមិនមែនជាទំនិញដែលអ្នកអាចទិញនៅទីផ្សារបានឡើយ។ យើងត្រូវតែធ្វើការទៅលើផ្នែកស្មារតីកីឡាកររបស់យើង និងទម្រង់លេងរបស់យើង។ យើងពិតជាមានសំណាងណាស់ដែលយើងមានការប្រកួតដ៏ធំមួយភ្លាមៗ ហេតុនេះ យើងអាចផ្តោតអារម្មណ៍លើការប្រកួតនោះ និងបង្ហាញថា យើងមិនមែនជាដែលអ្នកបានឃើញនៅទឹកដីក្រុម Udinese ឡើយ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

ប្រភព៖ Channel News Asia