ខ្សែប្រយុទ្ធឆ្នើម Neymar និង Kylian Mbappe នឹងត្រូវចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងឲ្យក្រុម Paris Saint-Germain នៅពេលជួបជាមួយនឹងក្រុម Liverpool ក្នុងការប្រកួតដ៏សំខាន់របស់ពួកគេក្នុងក្របខ័ណ្ឌ Champions League នៅរាត្រីនេះ ក្រោយពីបានជាសះស្បើយពីរបួស។ នេះបើយោងទៅតាមការអះអាងរបស់លោក Thomas Tuchel កាលពីល្ងាចថ្ងៃអង្គារ។

ក្នុងសន្និសីទសារព័ត៌មានមួយនាកីឡដ្ឋាន Parc des Princes លោក Tuchel បានឲ្យដឹងថា៖ «ពួកគេរឹងមាំគ្រប់គ្រាន់ឡើយ។ ពួកគេមិនមានបញ្ហាឡើយ។ ពួកគេបានចូលរួមហ្វឹកហាត់ពេញលេញនៅថ្ងៃនេះ និងម្សិលមិញ។ វាគ្មានបញ្ហានោះឡើយ។ ពួកគេនឹងលេងក្នុងជម្រើសដំបូងនៅថ្ងៃស្អែកនេះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ប្រសិនបើពួកគេមិនមានភាពរឹងមាំទេនោះ ពួកគេមិនអាចលេងបានឡើយ ប៉ុន្តែ ពួកគេមិនបានតវ៉ាឡើយកាលពីថ្ងៃម្សិលមិញ និងនៅថ្ងៃនេះ ហើយសម្រាប់ខ្ញុំពេលនេះ វាគ្មានការប្រថុយប្រឋានឡើយ»។

កីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងពិភពលោកទាំង២រូបនេះ បានរងរបួសរៀងខ្លួនៗក្នុងពេលលេងឲ្យប្រទេសរបស់ពួកគេ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីសប្តាហ៍មុន ខណៈដែល Mbappe មានបញ្ហារបួសស្មារ ជាមួយនឹងក្រុមជម្រើសជាតិបារាំង ហើយ Neymar មានបញ្ហាក្រលៀនជាមួយនឹងក្រុមប្រេស៊ីល។ កីឡាការទាំង២ សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទី១៣គ្រាប់ដូចគ្នាក្នុងរាល់យុទ្ធនាការទាំងអស់នៅរដូវកាលនេះ ហើយបញ្ហារបួស បានធ្វើឲ្យ PSG ស្ថិតក្នុងក្តីបារម្ភ ខណៈដែលពួកគេបានអវត្តមានរួចជាស្រេចក្នុងពេលក្រុមខ្លួនយកឈ្នះ ១-០ លើ Toulouse ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃសៅរ៍។ PSG នឹងឈានទៅកាន់ការប្រកួតនេះ ដោយត្រូវការឈ្នះដើម្បីរក្សាក្តីសង្ឃឹមទៅវគ្គបន្ត ក្រោយពីចាញ់ក្រុម Liverpool ៣-២ កាលពីជុំមុន។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

ប្រភព៖ Channel News Asia