ប្រទេសបារាំង៖ ក្រុម Paris Saint-Germain អាច​នឹង​បញ្ចប់​រដូវ​កាល​ជាមួយ​​នឹង​​ការ​ឈ្នះ​ពាន​៣​ម្តង​ទៀត នៅ​រាត្រីនេះ នៅពេល​ដែល​ពួកគេ​ប៉ះ​ជាមួយ​នឹងក្រុម Lyon ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន French League Cupប៉ុន្តែ ការ​ត្រៀម​លក្ខខណៈ​របស់​ពួក​គេ​សម្រាប់​ការ​ប្រកួតនេះ ត្រូវ​បាន​រំខាន​ដោយ​សារ​តែ​បញ្ហា​របួសក​ជើង​របស់​ខ្សែ​ប្រយុទ្ធ Kylian Mbappe​។

តារាឆ្នើម​ក្នុង​ព្រឹត្តិ​ការណ៍ World Cup រូបនេះ បាន​ជួបបញ្ហាក្នុង​ការ​ប្រកួត​ពាន French Cup វគ្គ​ផ្តាច់​ព្រ័ត្រ ជាមួយ​​នឹងក្រុម Saint-Etienne កាលពីថ្ងៃ​សុក្រ សប្តាហ៍មុន ក្នុងការ​ប្រកួត​ផ្លូវការ​ជាលើក​ដំបូង​ នៅលើ​ទឹកដី​បារាំង បើ​គិត​ចាប់​​តាំង​ពី​ការ​​ផ្អាក​​ការ​ប្រកួត​ដោយ​សារ​តែ​វីរុស​កូរ៉ូណា ក្នុង​ខែមីនា​។ Mbappe ត្រូវបា​ន​ប្តូរ​ចេញ​ដោយ​សារ​តែ​របយស​ក​ជើង​​ស្តាំ ក្រោយ​ពីការ​​ប្រជែង​ដណ្តើម​បាល់​ដ៏គ្រោះ​ថ្នាក់​ពី​កីឡាករ Loic Perrin របស់​ក្រុម Saint-Etienne ហើយ​រូប​គេ​ទំនង​ជា​ត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត​នេះ ដែល​ពិត​ជា​សំខាន់​សម្រាប់ PSGដោយ​ពួក​គេ​ក៏​ត្រូវ​ប្រកួត​ក្នុងក្រប​ខ័ណ្ឌ Champions League ជាមួយ​នឹងក្រុម​ Atalanta នៅ​ថ្ងៃ​ទី​១២ ខែសីហា ផងដែរ​។

កាលពីថ្ងៃព្រហស្បតិ៍ លោក Thomas Tuchel គ្រូបង្វឹក​របស់​ក្រុម PSG បាន​​ទទួល​ស្គាល់​ថា វា​នឹងក្លាយ​ជា​រឿង​​អព្ភូត​ហេតុ​មួយ សម្រាប់​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ ក្នុងការ​​ជះ​សះស្បើយ​ទាន់​ពេល​វេលា​សម្រាប់​​ការ​ប្រកួត​នៅ​ទីក្រុង Lisbon​។ ខ្សែ​ប្រយុទ្ធ Angel Di Maria នឹងត្រូវ​អវត្តមាន​រួចជាស្រេច​ក្នុងាករ​ប្រកួតនេះ ដោយ​សារ​តែ​ការ​ជាប់​ពិន័យ​ព្យួរ ហើយ​នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា មាន​ក្តី​សង្ឃឹម​ចំពោះ Mbappe ឬ​អត់ លោក Tuchel បាន​ឲ្យ​ដឹង​ថា៖ «ពិត​ណាស់ យើង​តែង​តែ​សង្ឃឹម ប៉ុន្តែ វា​នឹង​លំបាកបន្តិចហើយ​។ យើង​​រង់​ចាំ​យ៉ាង​អន្ទះ​សារ​ចំពោះ​រឿង​អព្ភូត​ហេតុ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia