តារាបាល់ទាត់អន្តរជាតិបារាំងនិងជាកីឡាករលេងអោយក្លឹប Paris Saint Germain ខ្សែប្រយុទ្ធ Kylian Mbappe បានប្រាប់ពីឈ្មោះ Eden Hazard ដែលជាកីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាបឆ្នើមបំផុតដែលគាត់បានលេងប្រឈមនៅ ឆ្នាំ២០១៨ នេះ។

Mbappe ទើបតែបានឈ្នះពានរង្វាន់ Kopa Trophy សម្រាប់កីឡាករឆ្នើមអាយុក្រោម ២១ឆ្នាំ កាលពីថ្ងៃចន្ទ ខណៈដែលរូបគេត្រូវបានបោះឆ្នោត បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ សម្រាប់បេក្ខភាពឈ្នះពានរង្វាន់បាល់មាស Ballon d’Or បន្ទាប់ពីជួយអោយ PSG លើកពាន Ligue1 និងពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨។

កំលុងការប្រកួតព្រឹត្តការណ៏ World Cup ២០១៨ នៅក្នុងប្រទេសរុស្ស៊ីដែលជាកន្លែងកីឡាករ Mbappe បានជួបជាមួយ Hazard នៅពេលដែលបារាំងផ្តួលបែលហ្ស៊ិក ១-០ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីទៅជួបក្រូអាត។

Mbappe បានសម្តែង ការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះល្បឿនដ៏គួរឱ្យកត់សម្គាល់របស់ Hazard ខណៈដែលរូបគេបានកោតសរសើរផងដែរចំពោះ ការមិនចូលចិត្តលេងបាល់តែម្នាក់ឯងរបស់ Hazard ហើយកីឡាករអន្តរជាតិបែលហ្សិករបស់ក្រុមតោខៀវ Chelsea រូបនេះតែងតែបង្ហាញឆន្ទៈក្នុងការបញ្ជូនបាល់ទៅឱ្យមិត្តរួមក្រុមជានិច្ច។

Mbappe អតីតកីឡាក្រុម Monaco បន្តថា: គាត់ជាកីឡាករដែលខ្ញុំបានជួប ក្នុងឆ្នាំនេះនិងធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុត។ ខ្ញុំមានរយៈចម្ងាយ ៥ម៉ែត្រឆ្ងាយពីគាត់ ប៉ុន្តែខ្ញុំនៅតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះល្បឿនរបស់គាត់ជាមួយនឹង ការបណ្តើរបាល់ជាប់នឹងជើងជានិច្ចដោយដំណើរដើរការទៅមុខ និងមានភាពស៊ីសង្វាក់ យ៉ាងណាមិញ គាត់តែងតែរកចន្លោះដែលចង្អៀតបំផុតដើម្បីចែកបាល់មានន័យថាគាត់មិនគិតថាវាចង្អៀតពេកនោះទេ។

ប្រភព៖ besoccer