Luka Modric បានឈ្នះក្នុងការប្រជែងនានាពីសំណាក់តារាឆ្នើមៗរបស់ក្រុមជម្រើសជាតិបារាំង ខណៈដែលខ្សែបម្រើអន្តរជាតិក្រូអាស៊ីរបស់ក្លិប Real Madrid បានឈ្នះពានរង្វាន់បាល់មាស Ballon d’Or ឆ្នាំ២០១៨ កាលពីថ្ងៃចន្ទ ដើម្បីបញ្ចប់ការគ្រប់គ្រងរយៈពេល ១០ឆ្នាំទៅលើពានរង្វាន់នេះ ដោយកីឡាករ Cristiano Ronaldo និង Lionel Messi។

Modric វ័យ ៣៣ឆ្នាំ ត្រូវបានប្រកាសថា ជាអ្នកឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ ក្នុងកម្មវិធីមួយដែលត្រូវបានរៀបចំឡើងនៅទីក្រុងប៉ារីស។ Ronaldo បានស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann របស់ក្លិប Atletico Madrid បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៣។ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe របស់ក្លិប Paris Saint-Germain បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ដើម្បីធ្វើឲ្យ Messi ធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៥។

កីឡាកររបស់បារាំងម្នាក់ទៀតគឺខ្សែការពារ Raphael Varane ដែលជាមិត្តរួមក្លិបរបស់ Modric បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ ពីក្រោយខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah របស់ក្លិប Liverpool។ Modric បាននិយាយថា៖ «កាលនៅពីក្មេង យើងទាំងអស់គ្នាសុទ្ធសឹងមានក្តីសុបិនដូចគ្នា។ ក្តីសុបិនរបស់ខ្ញុំគឺការលេងឲ្យក្លិបដ៏ធំមួយ និងឈ្នះពានសំខាន់ៗជាច្រើន»។ Mbappe ដែលនឹងឈានចូលវ័យ ២០ឆ្នាំនៅចុងខែនេះ បានឈ្នះពានរង្វាន់លួងចិត្តគឺពានកីឡាករវ័យក្មេងឆ្នើមបំផុត Kopa Trophy។ កម្មវិធីដ៏ឱឡារឹកនេះ ក៏បានផ្តល់ពានរង្វាន់ Ballon d’Or សម្រាប់កីឡាការិនីជាលើកទី១ផងដែរ ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិន័រវែស Ada Hegerberg របស់ក្លិប Lyon ជាអ្នកឈ្នះ៕

ប្រភព៖ Channel News Asia