លោក Pep Guardiola ជឿជាក់ថា ខ្សែបម្រើស្លាប Leroy Sane នឹងចុះហត្ថលេខាលើកុងត្រារយៈពេលវែងថ្មីមួយជាមួយនឹងក្លិប Manchester City បើទោះបីពន្យារពេលក្នុងការចរចាលើកិច្ចសន្យារវាងភាគីទាំង២ក៏ដោយ។

កីឡាករវ័យ ២២ឆ្នាំរូបនេះ បានធ្វើការស្រោចស្រង់យ៉ាងល្អពីការខកចិត្តនៅរដូវក្តៅ ខណៈដែលរូបគេមិនត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងក្រុម World Cup របស់អាល្លឺម៉ង់ឡើយ ហើយបន្ទាប់មក បានវិលទៅកាន់អង់គ្លេសវិញ ដើម្បីស្វែងរកអ្វីដែលរូបគេបានបាត់បង់ក្នុងជម្រើសទាំង ១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Guardiola។ Sane បានចូលលេងក្នុងជម្រើសដំបូងត្រឹមតែ ៧លើកគត់ក្នុងចំណោមការប្រកួត១៤លើកក្នុងក្របខ័ណ្ឌលីករបស់ក្រុម Man City នៅរដូវកាលនេះ ប៉ុន្តែ ការស៊ុតបាល់បញ្ចូលទី៤គ្រាប់ ក្នុងការប្រកួត៥លើកចុងក្រោយនៃក្របខ័ណ្ឌ Premier League របស់ពួកគេ បង្ហាញថា រូបគេកំពុងតែរកឃើញទម្រង់លេងដ៏ល្អរបស់ពួកគេត្រឡប់មកវិញហើយ។

បើទោះបី Sane មិនទាន់ស្ថិតក្នុងបញ្ជីឈ្មោះតារាឆ្នើមដូចជា Sergio Aguero, David Silva, Kevin De Bruyne, Raheem Sterling, Ederson, Gabriel Jesus និង Nicolas Otamendi ក្នុងការចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេលវែងជាមួយនឹងក្លិបក៏ដោយ ប៉ុន្តែ លោក Guardiola ជឿជាក់ថា វានឹងកើតឡើត។ អ្នកចាត់ការទូទៅរបស់ក្រុម Man City រូបនេះ ដែលក្រុមរបស់លោក នឹងធ្វើដំណើរទៅជួបក្រុម Watford នៅរាត្រីនេះ បានឲ្យដឹងថា៖ «ខ្ញុំមិនមានព័ត៌មានអំពីក្លិបនេះ ទាក់ទងនឹងការមានបញ្ហាជាមួយនឹង Leroy ឡើយ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Worldsoccertalk