លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City មិនបានពេញចិត្តឡើយ បើទោះបីក្រុមរបស់លោកដណ្តើមបានជ័យជម្នះ ៣-០ នៅលើទឹកដីក្រុម Huddersfield Town កាលពីថ្ងៃអាទិត្យ ដើម្បីកាត់បន្ថយពិន្ទុនាំមុខរបស់ក្រុម Liverpool នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League មកនៅត្រឹម ៤ពិន្ទុ។

ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-៣ របស់ក្រុម Liverpool លើក្រុម Crystal Palace កាលពីថ្ងៃសៅរ៍ បានដាក់សម្ពាធទៅកាន់ក្រុមម្ចាស់ការពារតំណែងជើងឯក Man City ប៉ុន្តែ ពួកគេមិនបានជួបបញ្ហាដោយសារតែក្រុម Huddersfield ឡើយ។ គ្រាប់បាល់ទី១ របស់ក្រុម Man City ដែលគ្រាប់បាល់ផ្លាតនៅនាទីទី១៨ បានជួយឲ្យពួកគេរកបានគ្រាប់បាល់ទី១០០ នៅរដូវកាលនេះ ក្នុងរាល់យុទ្ធនាការទាំងអស់ នៅមុនពេល Raheem Sterling បានតែតបាល់បញ្ចូលទីយ៉ាងល្អពីការបញ្ជូនរបស់ Leroy Sane នៅនាទីទី៥៤ ហើយ Sane ខ្លួនឯងបានជួយឲ្យក្រុមខ្លួននាំមុខ ៣-០ តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អក្នុងរយៈពេល ២នាទីក្រោយមក។

សម្រាប់លោក Guardiola វាគួរតែបានក្លាយជារាត្រីដ៏រីករាយ ខណៈដែលក្រុមរបស់លោក បានបង្ហាញពីច្ឆន្ទៈរបស់ពួកគេក្នុងការប្រជែងជាមួយនឹងក្រុម Liverpool គ្រប់ពេលនៅរដូវកាលនេះ។ ទោះបីជាយ៉ាងណា លោក Guardiola ទាមទារឲ្យក្រុមរបស់លោកបង្ហាញពីភាពខ្លាំងបន្ថែមទៀត ជាពិសេសភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «វាពិតជាសំខាន់ណាស់ក្នុងការដណ្តើមបានជ័យជម្នះ។ យើងរកបានគ្រាប់បាល់ជាច្រើនក្នុងរាល់យុទ្ធនាការទាំងអស់។ ប៉ុន្តែ របៀបដែលយើងលេង យើងមិនគួររកបានត្រឹមតែ ៣គ្រាប់ឡើយ។ យើងនឹងធ្វើឲ្យបានល្អប្រសើរនៅថ្ងៃខាងមុខ។ យើងត្រូវតែបង្ហាញពីកម្រិតខ្លាំងរបស់យើងបន្ថែមទៀត និងប្រឹងឲ្យអស់ពីសមត្ថភាព»៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia