លោក Pep Guardiola បានបញ្ជាក់ថា វាពិតជាគ្មានឱកាសឡើយដែលក្រុមកីឡាករ Manchester City របស់លោក នឹងធ្លាក់ចូលក្នុងអន្ទាក់ដោយសារតែការជឿជាក់លើខ្លួនឯងខ្លាំងពេកក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Napoli នៅរាត្រីនេះ បើទោះបីបានបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះក្នុងក្របខ័ណ្ឌ Premier League ក៏ដោយ។

Man City បានលត់ក្រុម Stoke City យ៉ាងចាស់ដៃក្នុងលទ្ធផល ៧-២ កាលពីថ្ងៃសៅរ៍ ដើម្បីនាំមុខ ២ពិន្ទុដាច់នៅលើកំពូលតារាង និងកំពុងតែបង្កើតឲ្យមានការចាប់អារម្មណ៍ទៅលើតំបន់ប្រយុទ្ធរបស់ពួកគេ ក្រោយពីបានរកគ្រាប់បាល់បញ្ចូលទីសរុបដល់ទៅ ៣៧គ្រាប់ ក្នុងការប្រកួត ១១លើក ក្នុងរាល់យុទ្ធនាការទាំងអស់មកទល់ពេលនេះ។ ប៉ុន្តែ នៅរាត្រីថ្ងៃអង្គារនេះ ពួកគេនឹងត្រូវជួបការប្រកួតដ៏តានតឹងមួយលើទឹកដីខ្លួនឯងនៅពេលប៉ះជាមួយនឹងក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ SerieA គឺ Napoli ដែលក៏បានចាប់ផ្តើមយ៉ាងល្អក្នុងយុទ្ធនាការលីករបស់ពួកគេផងដែរ តាមរយៈការដណ្តើមបានជ័យជម្នះ ៨លើកជាប់ៗគ្នា ខណៈដែល Man City ឈ្នះតែ ៧លើកប៉ុណ្ណោះ និងស្មើ ១លើក។

ក្រោយពីដណ្តើមបានជ័យជម្នះលើក្រុម Stoke លោក Guardiola បាននិយាយថា ការជឿជាក់លើខ្លួនឯងខ្លាំងពេក នឹងក្លាយជាបញ្ហាមួយឡើយសម្រាប់ក្រុមរបស់លោក ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ១ក្នុងពូល A នៃក្របខ័ណ្ឌ Champions League ក្រោយពីបានផ្តួលក្រុម Feyenoord ៤-០ និង Shakhtar Donetsk ២-០។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ប្រសិនបើពួកគេគិតបែបនោះ ពួកគេនឹងក្លាយជាមនុស្សល្ងង់។ ប៉ុន្តែបញ្ហានេះ នឹងមិនកើតឡើងឡើយ»។ លោក Guardiola បានប្រាប់បន្តថា៖ «ខ្ញុំនឹងបង្ហាញដល់កីឡាកររបស់ខ្ញុំនៅថ្ងៃចន្ទ និងថ្ងៃអង្គារ ទៅលើរបៀបដែលការប្រកួតដ៏ល្អមួយដែលក្រុម Napoli នឹងត្រូវលេង។ ខ្ញុំនឹងបង្ហាញពួកគេ ដូចដែលខ្ញុំបានបង្ហាញពួកគេពីទម្រង់លេងរបស់ក្រុម Shakhtar Donetsk អ៊ីចឹង។ ក្រុម Shakhtar ជាក្រុមខ្លាំងដូច Napoli ដែរ ប៉ុន្តែ ខ្ញុំពេញចិត្តក្នុងការមានឱកាសក្នុងការលេងការប្រកួតបែបនេះ»។

ក្រុម Napoli បានចាប់ផ្តើមយុទ្ធនាការនេះ តាមរយៈការចាញ់ក្រុម Shakhtar ក្នុងលទ្ធផល ២-១ នៅលើទឹកដីរបស់អ៊ុយក្រែន មុននឹងស្រោចស្រង់វិញតាមរយៈការផ្តួលក្រុម Feyenoord ៣-១ កាលពី៣សប្តាហ៍មុន។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Eurosport