បរទេស៖ ក្លិប Real Madrid កាលពីថ្ងៃ​ព្រហស្បតិ៍ បាន​បង្កើន​សំណើ​របស់​ពួក​គេ​ដើម្បីទិញ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ពីក្លិប Paris Saint-Germain រហូត​ដល់​ទឹក​ប្រាក់​១៨០លាន​អឺ​រ៉ូ (ស្មើនឹ​២១១,៤លានដុល្លារ​អាមេរិក)​។

នេះ​បើ​យោង​ទៅ​តាម​ការ​ចេញផ្សាយ​របស់​កា​សែតបារាំង L’Equipe​។ បើ​យោង​ទៅ​តាម​កា​សែត​ដដែល ក្លិប Real មាន​បំណង​ផ្តល់​តម្លៃខ្លួន​ជា​គោលក្នុង​ទឹកប្រាក់​១៧០លាន​អឺ​រ៉ូ បូក​រួម​នឹង​ប្រាក់​ឧបត្ថម្ភ​នានា​១០លាន​អឺ​រ៉ូ​ទៀត​។ តម្លៃខ្លួន​នេះ​ នឹង​ស្មើនឹង​តម្លៃ​ខ្លួន​ដែលក្លិប PSG បាន​ចំណាយ​ទៅ​ឲ្យ​ក្លិប Monaco ដើម្បី​ទិញ​យកសមា​ជិក​លើក​ពាន​ World Cup ជាមួយនឹងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង​ Mbappe ​កាលពីឆ្នាំ​២០១៧​។ កាលពី​ដើម​សប្តាហ៍​នេះ សំណើ​ទី​១​របស់ក្លិប Real ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​រូបនេះ ត្រូវ​បាន​ច្រាន​ចោល​ ដោយ​ចាត់​ទុក​ថា មិន​គ្រប់គ្រាន់​សម្រាប់​ការលក់ឡើយ​​។

កិច្ច​សន្យា​នា​ពេល​បច្ចុប្បន្ន​របស់​ Mbappe ជាមួយនឹងក្លិប PSG នឹង​ផុត​កំណត់​នៅ​ខែ​មិថុនា ឆ្នាំក្រោយ​។ លោក Leonardo បាន​បញ្ជាក់​ថា សំណើ​ទី​១​របស់​ក្លិប Real គឺ​​ជា​ការមិន​គោរ​ពេញ មិនស្របច្បាប់ និង​មិនត្រឹម​ត្រូវ​។ ប៉ុន្តែ លោក​បាន​បន្ថែម​ទៀត​ថា៖ «ប្រសិន​បើ​កីឡាករ​ម្នាក់​ចង់​ចាក​ចេញ រូប​គេនឹង​ចាក​ចេញ​។ ក្លិបនេះ និងគម្រោង នៅ​តែ​សំខាន់​ជាង​នរណា​ទាំង​អស់​។ យើង​បាន​​ធ្វើ​អ្វី​ៗ​សព្វ​បែប​យ៉ាង​ហើយ​ដើម្បី​ធ្វើ​ឲ្យ​រូប​គេ​បន្ត​នៅ​»​៕

 

ប្រភព​​ព័ត៌មាន៖ Channel News Asia