បរទេស៖ ក្រោយពីជួបការខកចិត្តអស់រយៈពេល១ទសវត្សរ៍ លោក Pep Guardiola វិលទៅកាន់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រវិញ និងនៅសល់ត្រឹមតែ១ប្រកួតទៀតប៉ុណ្ណោះ ក្នុងការជួយឲ្យ Manchester City ឈ្នះពានជើងឯកប្រចាំទ្វីបអឺរ៉ុប ជាលើកទី១។
ក្នុងការប្រកួតដ៏ស្វិតស្វាញរវាងក្លិបដែលសម្បូរដោយធនធានទាំង២ Man City បានរក្សាអារម្មណ៍ស្ងប់របស់ខ្លួន ដើម្បីផ្តួលក្រុម Paris Saint-Germain ក្នុងលទ្ធផលទាំង២ជើង ៤-១ ខណៈដែលក្រុមម្ចាស់ជើងឯកបារាំងមួយនេះ បានជួបការខកចិត្តដោយសារតែការមិនចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន ក្នុងការប្រកួតទាំង២ជើងនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការឈានទៅប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Real Madrid ឬ Chelsea សម្រាប់ក្រុម Man City គឺការឈានដល់ចំណុចកំពូលរបស់ខ្លួន បើគិតចាប់តាំងពីការចូលកាន់កាប់របស់មហាសេដ្ឋត្រកូល Abu Dhabi ក្នុងឆ្នាំ២០០៨ បានផ្លាស់ប្តូរជោគវាសនារបស់ពួកគេ។
លោក Guardiola បានឲ្យដឹងថា៖ «ពិតណាស់ យើងបណ្តាក់ទុនជាច្រើន បើគិតចាប់តាំងពីលោក Sheikh Mansour បានចូលកាន់កាប់ ប៉ុន្តែ មានរឿងជាច្រើនដែលស្ថិតពីក្រោយចំណុចទាំងនេះ។ ការឈានទៅវគ្គផ្តាច់ព្រ័ត្រក្នុង Champions League ជួយឲ្យយើងស្គាល់កាន់តែច្បាស់ពីអ្វីដែលយើងបានធ្វើក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia