លោក Mauricio Pochettino បានប្រកាសថា ក្រុម Tottenham បានលុបចោលការសង្ស័យដែលមនុស្សជាច្រើនចាត់ទុកថា «ជារឿងដែលមិនអាចទៅរួច» កាលពីថ្ងៃអង្គារ ខណៈដែលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើនៅលើទឹកដីក្រុម Barcelona និងបានឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។

Spurs ចាំបាច់ត្រូវតែដណ្តើមឲ្យបានលទ្ធផលដូចក្រុម Inter Milan ដែលបានប្រកួតជាមួយនឹងក្រុម PSV Eindhoven នៅលើទឹកដីខ្លួនឯង ហើយពួកគេធ្វើបានសម្រេច ក្រោយពីខ្សែបម្រើ Lucas Moura បានរកគ្រាប់បាល់តាមស្មើនៅនាទីទី៨៥ ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នាកីឡដ្ឋាន Camp Nou។ Inter បានបញ្ចប់ក្នុងលទ្ធផលដូចគ្នានេះពេលជួបក្រុម PSV ដែលវាជាលទ្ធផលជួយឲ្យក្រុមរបស់លោក Pochettino ទៅវគ្គបន្តដោយការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល B បើទោះបីរកបានត្រឹមតែ ១ពិន្ទុពីការប្រកួតបើកឆាក ៣លើកក៏ដោយ។

លោក Pochettino បាននិយាយបន្ទាប់ពីការប្រកួតថា៖ «គ្មាននរណាម្នាក់ជឿជាក់លើយើងឡើយ។ មនុស្សជាច្រើនបាននិយាយថា វាជារឿងដែលមិនអាចទៅរួច ប៉ុន្តែ យើងស្ថិតនៅទីនេះ។ វាជាសមិទ្ធផលដ៏ធំមួយសម្រាប់ក្លិបនេះ»។ គ្រាប់បាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែបម្រើ Ousmane Dembele ហាក់បានធ្វើឲ្យក្រុម Tottenham ធ្លាក់ចេញទៅហើយ ខណៈដែល Son Heung-min, Harry Kane និង Moura សុទ្ធសឹងបានខ្ជះខ្ជាយឱកាសល្អៗជាច្រើន។ ទោះបីជាយ៉ាងណា គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Moura នៅជិតបញ្ចប់ការប្រកួតនេះ បានបង្កើតឲ្យមានការរំភើបជិតបញ្ចប់ការប្រកួតតែម្តង ខណៈដែលកីឡាកររបស់ Spurs បានរង់ចាំ ក្រោយពីសំឡេងកញ្ចែចុងក្រោយសម្រាប់ការបញ្ចប់ការប្រកួតនៅអ៊ីតាលី៕

ប្រភព៖ Channel News Asia