ខ្សែប្រយុទ្ធ Lionel Messi បានបន្តទម្រង់លេងយ៉ាងល្អរបស់គេ តាមរយៈការស៊ុតបាល់បញ្ចូលទី ៣គ្រាប់ក្នុងការប្រកួត ១លើកជាលើកទី៣១ របស់គេ ក្នុងក្របខ័ណ្ឌ La Liga ខណៈដែលក្រុម Barcelona បានលត់ក្រុម Levante យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ កាលពីថ្ងៃអាទិត្យ ដើម្បីរក្សាការនាំមុខ ៣ពិន្ទុវិញរបស់ពួកគេនៅលើកំពូលតារាង។

តារាឆ្នើមអន្តរជាតិអាហ្សង់ទីនវ័យ ៣១ឆ្នាំរូបនេះ បានធ្វើដំណើរទៅដល់ទីក្រុង Valencia ក្រោយពីបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ តាមរយៈបាល់ Free-kick កាលពីចុងសប្តាហ៍មុន ដើម្បីផ្តួលក្រុមស្ថិតក្នុងតំបន់តែមួយ Espanyol។ រូបគេបានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេនៅរដូវកាលនេះ កើនដល់ ២០គ្រាប់ ក្រោយពីការបង្ហាញពីទម្រង់លេងយ៉ាងល្អ ស្របពេលដែលរូបគេក៏បានជួយឲ្យ Luis Suarez រកបានគ្រាប់បាល់បើកឆាកនៅនាទីទី៣៥ និងជួយឲ្យ Gerard Pique រកបានគ្រាប់បាល់ទី៥ នៅជិតបញ្ចប់ការប្រកួតផងដែរ។ ក្រុម Barcelona បានស្ថិតក្រោមសម្ពាធ ក្រោយពីក្រុម Atletico Madrid និងក្រុមឈរលេខ២ Sevilla សុទ្ធសឹងបានតាមស្មើពិន្ទុជាមួយនឹងក្រុមមានមូលដ្ឋាននៅ Catalonia មួយនេះ។

ប៉ុន្តែ ក្រោយពីមិនបានប្រើប្រាស់កីឡាករសំខាន់ៗជាច្រើនក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូល ជុំចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Tottenham កាលពីពាក់កណ្តាលសប្តាហ៍មុន លោកគ្រូបង្វឹក Ernesto Valverde បានមើលឃើញក្រុមរបស់លោកដណ្តើមបានជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌលីកជាលើកទី៣ជាប់ៗគ្នា ដោយមិនបានរបូតសូម្បីតែ១គ្រាប់។ លោក Valverde បានឲ្យដឹងថា៖ «ក្នុងពេលចាប់ផ្តើមវាពិតជាលំបាកណាស់ ពួកគេបានដាក់សម្ពាធលើយើង និងមានឱកាសមួយដែលបានស៊ុតបាល់ប៉ះទៅនឹងរបារទី។ ខ្ញុំពិតជារីករាយដែលយើងបានយកឈ្នះនៅទីនេះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia