លោក Ole Gunnar Solskjaer ហាក់នឹងត្រូវចូលទៅជំនួសកន្លែងរបស់លោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន ក្រោយពីក្លិបនេះ ហាក់បានប្រកាសដោយចៃដន្យពីការតែងតាំងនេះនៅលើគេហទំព័ររបស់ពួកគេ។
លោក Mourinho ត្រូវបានបណ្តេញចេញកាលពីថ្ងៃអង្គារ ក្រោយពីកាន់តំណែងបានរយៈពេល ២ឆ្នាំកន្លះ នៅកីឡដ្ឋាន Old Trafford ហើយក្លិបកំពុងតែធ្លាក់ចុះទម្រង់លេងរបស់ក្របខ័ណ្ឌ Premier League មួយនេះ ត្រៀមខ្លួនរួចរាល់ក្នុងការនាំយកអតីតវីរបុរសម្នាក់ក្នុងចំណោមវីរបុរសរបស់ពួកគេ ដើម្បីទទួលតំណែងរបស់លោកក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។ លោក Solskjaer ដែលជាបច្ចុប្បន្នកំពុងតែដឹកនាំក្លិប Molde របស់ន័រវែស ត្រូវបានគេជឿជាក់ថា ជាបេក្ខភាពឈានមុខគេរបស់ Man United សម្រាប់តួនាទីបណ្តោះអាសន្នរហូតដល់បញ្ចប់រដូវកាលនេះ ស្របពេលដែលពួកគេនឹងស្វែងរកគ្រូបង្វឹកជាអចិន្ត្រៃយ៍ ក្នុងពេលបញ្ចប់រដូវកាល។
មិនទាន់មានការប្រកាសជាផ្លូវការណាមួយពីក្លិបនេះនៅឡើយទេ ប៉ុន្តែរូបភាពវីដេអូមួយត្រូវបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ Man United ដែលបង្ហាញពីលោក Solskjaer និងហាក់ចង់ប្រកាសពីការតែងតាំងរសប់លោក។ រូបភាពវីដេអូរបស់លោកស្តីពីការរកគ្រាប់បាល់ឈ្នះសម្រាប់ Man United ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ១៩៩៩ នៅពេលប្រកួតជាមួយនឹងក្រុម Bayern Munich ត្រូវបានបង្ហោះឡើងរួមជាមួយនឹងចំណងជើងថា «រាត្រីដ៏ល្បីល្បាញបំផុតនៃអាជីពរបស់ Ole»។ លោក Erna Solberg នាយករដ្ឋមន្ត្រីន័រវែស ក៏ហាក់បានប្រកាសពីការតែងតាំងរបស់លោក Solskjaer ផងដែរ តាមរយៈការសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «ថ្ងៃដ៏អស្ចារ្យសម្រាប់កីឡាបាល់ទាត់ន័រវែស។ សំណាងល្អក្នុងការរក្សាការគ្រប់គ្រងក្រុមបិសាចក្រហម»៕
ប្រភព៖ Channel News Asia