លោក Ole Gunnar Solskjaer កាលពីថ្ងៃពុធ ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្លិប Manchester United រហូតដល់ចុងរដូវកាលឆ្នាំ២០១៨-២០១៩ ក្រោយពីការបណ្តេញលោក Jose Mourinho ដេញពីតំណែង។

អតីតខ្សែប្រយុទ្ធរបស់ក្លិប Man United រូបនេះ នឹងចូលកាន់តំណែងក្នុងក្រុមឈុតធំជាផ្លូវការភ្លាមៗ ហើយនិងនៅតែកាន់តំណែងរបស់លោក ស្របពេលដែលក្លិបសម្លឹងរកអ្នកចាត់ការទូទៅជាអចិន្ត្រៃយ៍ថ្មីម្នាក់។ លោក Mourinho ត្រូវបានបណ្តេញចេញកាលពីថ្ងៃអង្គារ ក្រោយពីកាន់តំណែងបានត្រឹមតែ២ឆ្នាំកន្លងនៅកីឡដ្ឋាន Old Trafford ខណៈដែលក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យកាលមួយនេះ កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ នៅលើតារាងក្របខ័ណ្ឌ Premier League ដោយមាន១៩ពិន្ទុតាមពីក្រោយក្រុម Liverpool។

លោក Solskjaer វ័យ៤៥ឆ្នាំ នឹងត្រូវចូលរួមដោយលោក Mike Phelan ក្នុងនាមជាគ្រូបង្វឹកក្រុមឈុតទី១ ដោយធ្វើការរួមជាមួយនឹងលោក Michael Carrick និងលោក Kieran McKenna។ គ្រូបង្វឹកសញ្ជាតិនូរវែសរូបនេះបានឲ្យដឹងថា៖ «Manchester United គឺជាក្លិបស្ថិតក្នុងបេះដូងរបស់ខ្ញុំ ហើយវាពិតជាអស្ចារ្យណាស់ក្នុងការវិលត្រឡប់ទៅវិញជាមួយនឹងតួនាទីនេះ។ ខ្ញុំពិតជាសម្លឹងឆ្ពោះទៅមុខក្នុងការធ្វើការជាមួយនឹងក្រុមប្រជុំដោយកីឡាករឆ្នើមៗដែលយើង បុគ្គលិក និងគ្រប់គ្នានៅក្នុងក្លិបនេះ»៕

ប្រភព៖ Channel News Asia