អ្នកចាត់ការទូទៅក្រុម Crystal Palace លោក Roy Hodgson បានពណ៌នាក្រោយការប្រកួតថាជាថ្ងៃដ៏ល្អមួយនៅពេលដែលពួកគេដើរតួជាភ្ញៀវទៅសួរសុខទុក្ខម្ចាស់ផ្ទះ ក្រុមការពារតំណែងជើងឯក Manchester City ហើយធ្វើអោយក្រុមមេឃខៀវរងបរាជ័យក្នុងក្របខណ្ឌ Premier League នៅសប្តាហ៏ទី១៧នេះ និងជាឪកាសនាំអោយក្រុម Liverpool មានគម្លាត ៤ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករអន្តរជាតិអាឡឺម៉ង់ Gundogan នៅនាទីទី២៧ និងខ្សែបម្រើបែលហ្សិក De Bruyne នៅនាទីទី៨៥ ប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការណ៏នាំមុខ៣គ្រាប់របស់ Crystal Palace បានរហូតដល់បញ្ចប់ការប្រកួត ខណៈគ្រាប់បាល់ជ័យជំនះរបស់ក្រុមភ្ញៀវ ៣គ្រាប់ធ្វើបានដោយកីឡាករ Schlupp នៅនាទីទី៣៣ មុនពេល Andros Townsend បានស៊ុតបាល់វ៉ូឡេយ៉ាងល្អមានរយៈចម្ងាយជាង ៣០ម៉ែត្រ ខណៈដែលកីឡាករ Milivojevic បន្ថែមគ្រាប់បាល់ ១គ្រាប់ទៀត នៅនាទីទី៥១។


វាជាជ័យជម្នះជាលើកដំបូងរបស់ Crystal Palace នៅទឹកដី Man.City សម្រាប់រយៈពេល ២៨ឆ្នាំនិងបានផ្តល់រសជាតិបរាជ័យដល់ក្រុមម្ចាស់ផ្ទះនៅរដូវកាលថ្មីនេះជាលើកទី២ ផងដែរ។ ឈានមកដល់សប្តាហ៏ទី ១៨នេះក្រុម Man.City មានគម្លាត ៤ពិន្ទុពីក្រុមកំពូលតារាង Liverpool។
ប្រភព៖ BBC
 
                