លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានបញ្ជាក់ថា ការដែលក្រុមរបស់លោកឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League មុននឹងឈានទៅកាន់អំឡុងពេលនៃវិស្សមកាលដ៏មមាញឹក មិនផ្តល់នូវការមានប្រៀបច្រើនឡើយ។

ក្លិបមានមូលដ្ឋាននៅ Anfield មួយនេះ កំពុងនាំមុខ ៤ពិន្ទុដាច់នៅលើកំពូលតារាង មុននឹងឈានទៅកាន់ថ្ងៃប្រកួត Boxing Day របស់ពួកគេលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Newcastle ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯក Manchester City កំពុងឈរលេខ២ ហើយ Tottenham Hotspur ដេញតាមពីក្រោយ ៦ពិន្ទុក្នុងចំណាត់ថ្នាក់លេខ៣។ ទោះបីជាយ៉ាងណា Liverpool មិនធ្លាប់បានឈ្នះពានអង់គ្លេសសោះ ក្នុងយុគសម័យកាល Premier League ខណៈដែលការឈ្នះពានក្នុងស្រុកជាលើកចុងក្រោយរបស់ពួកគេ បានកើតឡើងក្នុងឆ្នាំ១៩៩០។ ស្របពេលដែលក្រុម Tottenham បានលត់ក្រុម Everton យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ កាលពីថ្ងៃអាទិត្យ លោក Klopp មិនរំពឹងទុកថា រាល់លទ្ធផលល្អៗទាំងអស់ នឹងកើតឡើងចំពោះក្រុមរបស់លោកក្នុងការប្រកួតដែលនៅសល់នៃរដូវកាលនេះឡើយ។

លោក Klopp បានឲ្យដឹងថា៖ «អ្នកជាបណ្តាញសារព័ត៌មានធ្វើឲ្យរឿងទាំងនេះ អំពីនរណាម្នាក់ស្ថិតក្នុង និងនរណាម្នាក់ស្ថិតនៅក្រៅ។ ខ្ញុំបានឃើញការប្រកយតជាមួយនឹងក្រុម Everton ដែលបានលេងយ៉ាងល្អ ប៉ុន្តែ ក្រុម Spurs បានបង្កើតភាពអស្ចារ្យ ហើយវាជារឿងដែលគួរឲ្យចាប់អារម្មណ៍ចំពោះកម្រិតលេងដែល Tottenham បានបង្ហាញ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «កម្រិតលេងដ៏ខ្លាំងដូចគ្នានេះ នឹងកើតឡើងលើក្រុម Arsenal និង Chelsea។ គ្មានក្រុមណាមានអារម្មណ៍ថា មានសុវត្ថិភាពឡើយ គ្មាននរណាម្នាក់គួរតែមានអារម្មណ៍កំពុងនាំមុខដាច់ក្នុងការប្រជែងឡើយ។ វាមិនមែនជាពេលវេលាក្នុងការគិតបែបនេះឡើយ»៕

ប្រភព៖ Channel News Asia