លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន ខណៈដែលខ្សែប្រយុទ្ធកំពុងឡើងទម្រង់លេង Son Heung-min នឹងត្រូវអវត្តមានក្នុងដំណាក់កាលដ៏សំខាន់មួយផ្សេងទៀតនៃរដូវកាលនេះ នាខែក្រោយនេះ ដោយសារតែត្រូវបំពេញការតព្វកិច្ចក្នុងព្រឹត្តិការណ៍ Asian Cup។

តារាឆ្នើមអន្តរជាតិកូរ៉េខាងត្បូងរូបនេះ បានស៊ុតបាល់បញ្ចូលទី៥គ្រាប់ក្នុងការប្រកួត៣លើកចុងក្រោយរបស់គេ ខណៈដែល Spurs បានឡើងទៅកាន់ចំណាត់ថ្នាក់លេខ២នៅលើតារាង Premier League តាមរយៈការផ្តួលក្រុម Everton ៦-២ និងក្រុម Bournemouth ក្នុងលទ្ធផល ៥-០ កាលពីសប្តាហ៍មុន។ Son បានអវត្តមានកាលពីដើមរដូវកាលនេះ ដោយសារតែត្រូវបំពេញការតព្វកិច្ចចរបស់គេក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ខណៈដែលក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានឈ្នះមេដាយមាស ដែលធ្វើឲ្យខ្សែប្រយុទ្ធរូបនេះ គេចផុតពីការបំពេញការតព្វក្នុងយោធា។ ទោះបីជាយ៉ាងណា រូបគេបានដកខ្លួនចេញពីការប្រកួតអន្តរជាតិនៅខែវិច្ឆិកា ហើយ Spurs បានមើលឃើញពីការឡើងទម្រង់លេងរបស់គេ ខណៈដែល Son បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី១របស់គេក្នុងចំណោមគ្រាប់បាល់ទាំង៧គ្រាប់ក្នុង Premier League នៅរដូវកាលនេះ នៅពេលប្រកួតជាមួយនឹងក្រុម Chelsea កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។

លោក Pochettino បានឲ្យដឹងថា៖ «តើខ្ញុំអាចនិយាយអ្វីបាន? Sonny កំពុងតែបំពេញការងារយ៉ាងល្អឥតខ្ចោះសម្រាប់ក្រុមនេះ។ ក្រោយពីខែវិច្ឆិកា រូបគេបានសម្រាក និងស្ថិតនៅទីនេះដើម្បីព្យាយាមវិលទៅរកទម្រង់លេងដ៏ល្អបំផុតរបស់គេ ហើយខ្ញុំគិតថា រូបគេកំពុងតែបំពេញការងារដ៏អស្ចារ្យ។ រូបគេបានចាប់ផ្តើមយ៉ាងល្អពេលជួបក្រុម Chelsea ហើយរហូតដល់ថ្ងៃនេះ រូបគេកំពុងតែបំពេញការងារដ៏អស្ចារ្យសម្រាប់ក្រុម»៕

ប្រភព៖ Channel News Asia