លោក Mauricio Pochettino បានបញ្ជាក់ថា ក្រុម Tottenham បានជម្នះលើបញ្ហាអស់កម្លាំងពីកម្មវិធីប្រកួតដ៏មមាញឹករបស់ពួកគេ ខណៈដែលពួកគេត្រៀមជួបជាមួយនឹងក្រុម Borussia Dortmund ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយនៅរាត្រីនេះ។

លោក Pochettino បានសម្តែងនូវការមិនពេញចិត្តដែលក្រុម Tottenham ត្រូវតែលេងការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេ ជាមួយនឹងក្រុម Leicester នៅថ្ងៃអាទិត្យ ស្របពេលដែលក្រុម Dortmund បានប្រកួតជាមួយនឹងក្រុម Hoffenheim ក្នុងរយៈពេល២៤ម៉ោងមុន។ គ្រូបង្វឹករបស់ក្រុម Tottenham បានបញ្ជាក់កាលពីចុងសប្តាហ៍ថ្មីនេះថា ការមានពេលសម្រាកច្រើនជាង១ថ្ងៃសម្រាប់ក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Bundesliga មួយនេះ អាចនឹងធ្វើឲ្យក្រុមរបស់លោកចាញ់ក្រុមដ៏ធំ ក្នុងការប្រកួតជើងទី១ នាកីឡដ្ឋាន Wembley។

ដើម្បីបន្ថែមទៅលើការខកចិត្តរបស់លោក Pochettino ក្រុម Dortmund ក៏ទទួលបានអត្ថប្រយោជន៍ផ្សេងទៀតពីការទើបតែវិលពីការសម្រាកនារដូវរងាផងដែរ ស្របពេលដែលក្រុម Tottenham កំពុងតែញាំញីដោយសារតែបញ្ហារបួសរបស់តារាឆ្នើម Harry Kane និង Dele Alli ក្រោយពីការប្រកួតដ៏មមាញឹកអំឡុងថ្ងៃបុណ្យណូអែល និងចូលឆ្នាំថ្មី។ ប៉ុន្តែ បើទោះបីដឹងពីគ្រោះថ្នាក់នៃធ្វើឲ្យកីឡាកររបស់លោកមានលែសក្នុងការពារខ្លួនចំពោះការលេងមិនបានល្អក៏ដោយ ប៉ុន្តែ លោក Pochettino ពិតជាចង់បង្កើតឲ្យមានភាពវិជ្ជមានក៏គួរឲ្យកត់សម្គាល់។ លោក Pochettino បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ «ខ្ញុំបានរៀបរាប់កាលពីមុន ឬក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះថា វាពិតជាមិនយុត្តិធម៌បន្តិចចំពោះកម្មវិធីប្រកួត»។ លោកបានបន្ថែមទៀតថា៖ «ប៉ុន្តែ នោះមិនមែនជាលែសមួយឡើយ ក្នុងការធ្វើដំណើរទៅប្រកួតក្នុងការត្រៀមខ្លួនដ៏ល្អបំផុតរបស់យើង និងប្រជែងដើម្បីយកឈ្នះ។ ខ្ញុំគិតថា អ្នកអាចឃើញថាមពលរបស់កីឡាករតាមក្រសែភ្នែកបាន»។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia