ខ្សែប្រយុទ្ធឡើងទម្រង់លេង Son Heung-min បាននិយាយថា ក្រុម Tottenham កំពុងតែបង្ហាញថា ពួកគេមានក្រុមមួយដែលនៅតែរក្សាភាពខ្លាំង ទោះបីគ្មានខ្សែប្រយុទ្ធកំពុងរបួស Harry Kane និងខ្សែបម្រើ Dele Ali ក៏ដោយ ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុម Borussia Dortmund ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។

Son បានចាប់ផ្តើមយ៉ាងល្អក្នុងតង់ទី២ នៃការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ជើងទី១ នាកីឡដ្ឋាន Wembley តាមរយៈការរកគ្រាប់បាល់បើកឆាក ក្រោយពីការបញ្ជូនបាល់ឆ្លងយ៉ាងល្អរបស់ខ្សែការពារ Jan Vertonghen នៅមុនពេល Vertonghen ខ្លួនឯង និងខ្សែប្រយុទ្ធបម្រុង Fernando Llorente បានជួយឲ្យក្រុមរបស់លោក Mauricio Pochettino ស្ថិតលើផ្លូវឆ្ពោះទៅកាន់វគ្គ ៨ក្រុមចុងក្រោយ នៅរយៈពេល ៧នាទីចុងក្រោយ។

Son ដែលបានកោតសរសើរការបំពេញតួនាទីយ៉ាងល្អរបស់ Vertonghen ពីការលេងនៅតំបន់ការពារស្លាបខាងឆ្វេងក៏កម្រនោះ បានឲ្យដឹងថា៖ «Harry ឬ Dele ពិតជាកីឡាករសំខាន់សម្រាប់យើង ប៉ុន្តែ យើងមានកីឡាករដែលចូលលេង និងធ្វើបានយ៉ាងល្អ។ យើងបានបង្ហាញបែបនោះ ដោយ Fernando ក៏បានចូលលេងផងដែរ និងរកបានគ្រាប់បាល់ដ៏សំខាន់១គ្រាប់»។ ខ្សែប្រយុទ្ធអន្តរជាតិាកូរ៉េខាងត្បូងរូបនេះបានបន្ថែមទៀតថា៖ «Jan លេងបានយ៉ាងល្អ និងអាចលេងក្នុងទីតាំងណាក៏បាន។ ខ្ញុំពិតជារីករាយជំនួសរូបគេណាស់។ រូបគេពិតជាស័ក្តិសមក្នុងការទទួលបាននូវការកោតសរសើរ។ រូបគេរកបាន១គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន១គ្រាប់ទៀត។ ការរកបានគ្រាប់បាល់ទី១ ពិតជាសំខាន់ណាស់ ហើយការបញ្ជូនបាល់ពិតជាស្ថិតក្នុងកម្រិតដ៏ល្អ។ ខ្ញុំមិនចាំបាច់ធ្វើអ្វីច្រើនឡើយ ដោយគ្រាន់តែយកជើងប៉ះបាល់ប៉ុណ្ណោះ»៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia