ក្រោយជួយក្រុមបឹងកេតអែហ្វស៊ី ការពារតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៧ បានសម្រេចកាលពីចុងសប្ដាហ៍កន្លងទៅ កៅអីគ្រូបង្វឹកលោក ហៅ សុជាតិ នឹងត្រូវជំនួសដោយគ្រូបង្វឹកថ្មី។ នេះបើតាមការបង្ហើបឲ្យដឹងពីអ្នកចាត់ការក្រុមបឹងកេតលោក បែ មករា។

លោក បែ មករា បានបញ្ជាក់ថា ក្រោយបញ្ចប់បេសកកម្មក្នុងស្រុក ប្រចាំឆ្នាំ២០១៧ ក្លឹបបឹងកេត នឹងមានភារកិច្ចកាន់តែធ្ងន់ ដោយត្រូវចូលរួមប្រកួតពានរង្វាន់ AFC Cup 2018។ លោកថា ពានដ៏ធំប្រចាំទ្វីបនេះ គឺតម្រូវឲ្យគ្រូបង្វឹកចូលរួមត្រូវមានសញ្ញាបត្រ A License តែលោក ហៅ សុជាតិ ទើបមានសញ្ញាបត្រ B License ដូច្នេះលោកមិនអាចដឹកនាំបឹងកេត ចូលរួមប្រកួតពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ីនេះបានទេ។

អ្នកចាត់ការក្រុមរូបនេះ បានបញ្ជាក់យ៉ាងខ្លាំងថា «ពេលនេះ នៅមិនទាន់ដឹងពីតម្រុយគ្រូបង្វឹកថ្មី ដែលត្រូវដឹកនាំបឹងកេតចូលរួមប្រកួតពានរង្វាន់ AFC Cup 2018 ព្រោះមិនទាន់មានកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្លឹប។ ប៉ុន្ដែក្លឹបនឹងរៀបចំកិច្ចប្រជុំក្នុងពេលឆាប់ៗខាងមុខ ដើម្បីសម្រេចពីគ្រូដែលត្រូវរៀបចំក្រុម និងដឹកនាំបឹងកេត ទៅប្រកួតពាននេះ»។

គួរបញ្ជាក់ថា បេសកកម្មចូលរួមប្រកួតពាន AFC Cup 2018 គឺបឹងកេត ស្ថិតក្នុងពូល F ជាមួយក្លឹបក្រុមខ្លាំងៗ ៣ក្រុមទៀត ដូចជាក្រុម Home United មកពីសិង្ហបុរី, ក្រុម Shan United មកពីលីគកំពូលមីយ៉ាន់ម៉ា និងក្រុម Ceres Negros មកពីលីគកំពូលហ្វីលីពីន។ ចំពោះការប្រកួតបើកឆាក បឹងកេតនឹងត្រូវជួបក្រុម Ceres Negros មុនគេនៅថ្ងៃទី១៣ ខែកុម្ភៈខាងមុខ៕
Via: khertalking