ការប្រកួតកីឡាហ្វុតសាលដណ្តើមពានរង្វាន់ស្ពនស័រ (Sponsor Futsal Cup) ឆ្នាំ២០១៧ ប្រចាំមណ្ឌលខេត្តសៀមរាប ដែលមានក្រុមចូលរួមរហូតដល់ ៤០នោះ បានរកឃើញក្រុមខ្លាំងទាំង២ ដែលត្រូវឡើងមកប្រកួតនៅជុំផ្តាច់ព្រ័ត្រហើយ ប៉ុន្តែក្រុមឈ្នះកៅអីនៅមណ្ឌលនេះ ហាក់មានការបារម្ភចំពោះកម្រិតលេងក្រុមខ្លាំងនៅមណ្ឌលភ្នំពេញ ដែលពួកគេត្រូវជួបក្នុងជុំផ្តាច់ព្រ័ត្រ។

ក្រុម Garuda FC និងក្រុម Next Step FC គឺជាបេក្ខភាព ដែលឈ្នះកៅអីទាំង២ប្រចាំនៅមណ្ឌលរៀមរាប នៅឆ្នាំនេះ ហើយក្រុមសៀមរាបអេហ្វស៊ី ដែលធ្លាប់ទទួលបានតំណែងជើងឯក ប្រចាំមណ្ឌលសៀមរាប កាលពីឆ្នាំ២០១៦ និងទទួលបានលេខ៣ ទូទាំងប្រទេស កាលឆ្នាំ២០១៦ ក៏ត្រូវបានទម្លាក់ដោយក្រុម Garuda FC ផងដែរ។

ក្រុម Garuda FC បានយកឈ្នះក្រុមសៀមរាបអេហ្វស៊ី ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីរក្សាការឈ្នះគ្រប់ការប្រកួតទាំងអស់ ព្រោះនៅវគ្គផ្តាច់ព្រ័ត្រ Garuda FC បានបន្តយកឈ្នះ ក្រុម Next Step FC ៤-៣ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ អមជាមួយប្រាក់រង្វាន់២លានរៀល ឯក្រុមលេខ២ Next Step FC ក៏ទទួលបានប្រាក់រង្វាន ១,៦លានរៀល ផងដែរ។

បន្ថែមលើនេះ ក្រុម Garuda FC និងក្រុម Next Step FC បានក្លាយជាបេក្ខភាព តំណាងឲ្យមណ្ឌលខេត្តសៀមរាប ដែលត្រូវឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ ជាមួយក្រុមខ្លាំងចំនួន៨ មកពីមណ្ឌលចំនួន៤ទៀត។

យ៉ាងណាក៏ដោយ ប្រាក់ ចាន់នី ប្រធានក្រុម Next Step FC និងជាកីឡាករ ដែលមានស្គាល់ច្បាស់ពីសមត្ថភាពលេងរបស់ក្រុមលេខ១ Garuda FC នោះ ហាក់មានការបារម្ភសម្រាប់ការបន្តដំណើរទៅប្រកួតជុំផ្តាច់ព្រ័ត្រ។ ចាន់នី បានប្រាប់ថា៖ «ក្រុម Next Step និង Garuda FC ធ្លាប់លេងជាមួយគ្នាញឹកញ៉ាប់ ហើយក្រុមទាំង២នេះមានកម្រិតលេងមិនលើសគ្នាប៉ុន្មានទេ ហេតុនេះហើយសម្រាប់ការបន្តទៅប្រជែងនៅជុំផ្តាច់ព្រ័ត្រ ខ្ញុំមិនទាន់ហ៊ានវាយតម្លៃទុកមុននោះទេ»។

កីឡាករ ប្រាក់ ចាន់នី បានបន្ថែមថា៖ «វាអាចនឹងមានការលំបាកសម្រាប់ក្រុមទៅពីមណ្ឌលសៀមរាប ព្រោះក្រុមដែលបានឡើងទៅដល់ជុំផ្តាច់ព្រ័ត្រ សុទ្ធតែជាក្រុមខ្លាំង ពិសេសក្រុមនៅមណ្ឌលភ្នំពេញ ដែលពួកគេអាចមានកម្រិតលេងលើសយើង។ ហេតុនេះយើងត្រូវតែបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមការប្រកួតជុំផ្តាច់ព្រ័ត្រ»។

គួរបញ្ជាក់ថា ក្រុម Rolling FC និង Home Sport FC គឺជាក្រុម ដែលបានឈ្នះកៅអីប្រចាំនៅមណ្ឌលភ្នំពេញ ហើយក្រុម Sisophon FC និងក្រុម Family FC ជាក្រុមតំណាងឲ្យមណ្ឌលខេត្តបន្ទាយមានជ័យ ប៉ុន្តែមណ្ឌលខេត្តព្រៃវែង និងមណ្ឌលខេត្តព្រះសីហនុ នៅមិនទាន់ប្រកួតរកឃើញក្រុមខ្លាំង សម្រាប់ឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ នៅឡើយទេ៕