ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨ និងការប្រកួតបានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) កំណត់កាលបរិច្ឆទនៃការប្រកួតរួចរាល់អស់ហើយ។

បើតាមសេចក្តីជូនដំណឹងរបស់ FFC បានឲ្យដឹងថា ការប្រកួតលីកកំពូលកម្ពុជា ឬ មិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៨ មានរយៈពេលខ្លីជាងឆ្នាំ២០១៧ គឺត្រូវចាប់ផ្តើមពីថ្ងៃទី៣ ខែមីនា នឹងគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ខណៈការប្រកួតកាលពីឆ្នាំ២០១៧ កន្លងមកនេះ គឺបានចាប់ផ្តើមពីថ្ងៃទី១៨ ខែកុម្ភៈ នឹងបញ្ចប់រហូតដល់ថ្ងៃទី៣០ ខែធ្នូ។

ចំណែកការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨ នឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ១៨ ខណៈការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន កាលពីឆ្នាំ២០១៧ កន្លងមកនេះ គឺបញ្ចប់នៅថ្ងៃទី២៧ ខែធ្នូ ដោយក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមណាហ្គាវើល ៣-០ ដើម្បីលើកពាន។ រីឯក្រុមបឹងកេត បានយកឈ្នះក្រុមក្រសួងការពារជាតិ ដើម្បីលើកពានលីកកំពូលកម្ពុជា ឆ្នាំ២០១៧។

យ៉ាងណាក៏ដោយ សម្រាប់កាលបរិច្ឆេទនៃព្រឹត្តិការណ៍ទាំង២ខាងលើនេះ អាចនឹងមានការផ្លាស់ប្តូរទៅតាមស្ថានភាពជាក់ស្តែង។ ចំពោះតារាកម្មវិធីប្រកួតនៃការប្រកួតលីកកំពូលកម្ពុជា ដែលថា នឹងចែកជូននៅថ្ងៃអង្គារនេះ ត្រូវបានលោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិរបស់ CNCC បានប្រាប់ថា ត្រូវពន្យារពេលរហូតដល់ថ្ងៃពុធ ព្រោះក្រុមការងាររបស់លោក មានការផ្លាស់ប្តូរកម្មវិធីប្រកួតខ្លះៗ៕