ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ (Hun Sen Cup 2018) ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣០ ខែតុលា ខាងមុខនេះ អាចនឹងមានពានរហូតដល់២ សម្រាប់ប្រគល់ជូនដល់ក្រុមម្ចាស់ជយលាភី ហើយរូបមន្តនៃការប្រកួត ក៏អាចនឹងមានការផ្លាស់ប្តូរខ្លះផងដែរ។

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅមិនទាន់កំណត់រូបមន្តប្រកួត ដែលត្រូវប្រើក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨នេះឲ្យបានច្បាស់នៅឡើយទេ ប៉ុន្តែលោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិ CNCC បានប្រាប់ថា ការប្រកួតនៅឆ្នាំនេះ អាចនឹងធ្វើពានមួយទៀត សម្រាប់ផ្តល់ជូនដល់ក្រុមដែលឈ្នះ ក្នុងការប្រកួតវគ្គជម្រុះតាមតំបន់ទាំង២៤ខេត្ត-រាជធានី។

លោក ឆាំង ពិសិដ្ឋ បាននិយាយថា៖ «សម្រាប់ការប្រកួតដំណាក់កាលទី១ កាលពីឆ្នាំ២០១៧ គឺជាការប្រកួតនៅតាមតំបន់នៅទូទាំង២៤ខេត្ត-រាជធានី ហើយយកក្រុមឈ្នះតាមខេត្ត មកជួបក្រុមឈ្នះតាមខេត្ត ប៉ុន្តែនៅឆ្នាំនេះ ការប្រកួតនៅតំបន់តាមខេត្ត យើងចង់ធ្វើពានមួយឲ្យគាត់»។

លោកបានបន្ថែមថា៖ «ចំណែកដំណាក់កាលចុងក្រោយ ដែលជាការប្រកួតរវាងក្លិបខ្លាំងៗ យើងមានពានមួយទៀត អ៊ីចឹងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន នៅឆ្នាំ២០១៨នេះ អាចនឹងមានពាន២ ប៉ុន្តែយើងនៅប្រជុំគ្នាម្តងទៀត នៅថ្ងៃទី៩ ខែមករា ដើម្បីសម្រេចថា តើយើងត្រូវធ្វើយ៉ាងម៉េច ឲ្យប្រាកដ»។

គួររំឭកថា ការប្រកួតពានរង្វាន់សម្តេចហ៊ុន សែន ឈ្នះ២០១៧ កន្លងមកនេះ មានការប្រកួតរហូតដល់៥ដំណាក់កាល ដោយក្នុងនោះដំណាក់កាលទី១ ដល់ទី២ ជាការប្រកួតរវាងក្រុមនៅតាមខេត្ត-រាជធានី ដើម្បីយកក្រុមឈ្នះចំនួន៦ ឡើងមកប្រកួតក្នុងដំណាក់កាលទី៣ ជាមួយក្រុមលេងនៅលីក២ ហើយក្រុមលេខ៧ ដល់លេខ១០នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៦ ក៏ដាក់ឲ្យប្រកួតក្នុងដំណាក់កាលទី៣នេះដែរ។

បន្ទាប់មកក្រុមឈ្នះនៅដំណាក់កាលទី៣ ចំនួន១០ ត្រូវឡើងទៅប្រកួតនៅដំណាក់កាលទី៤ជាមួយក្រុមលេខ១ ដល់លេខ៦ លីកកំពូលកម្ពុជា ឆ្នាំ២០១៦ ហើយក្រុមឈ្នះឡើងទៅប្រកួតដំណាក់កាលទី៥ ឬវគ្គ៨ក្រុម រួចបន្តយកក្រុមឈ្នះទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ខណៈការប្រកួតផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៧ ក្រុមស្វាយរៀង បានយកឈ្នះក្រុមណាហ្គាវើល ៣-០ ដើម្បីលើកពាន ហើយក្រុមអគ្គិសនីកម្ពុជា បានយកឈ្នះក្រុមបឹងកេត ដើម្បីទទួលបានលេខ៣៕

Via :cambosport