ខ្សែ​ប្រយុទ្ធ Gareth Bale ​បន្ត​ការ​វិល​ត្រលប់​ពី​របួស​ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូលទី​គ្រាប់​បើក​ឆាក ស្រប​ពេល Real Madrid ទទួល​ជ័យជម្នះ​យ៉ាង​ងាយ​ស្រួល​ក្នុង​ជើង​ទី​១​ទល់​នឹង Numancia នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​ខែ​មករា​ឆ្នាំ​២០១៨​។

Bale ​ខាន​ស៊ុត​ចូល​ក្នុង​ការ​ប្រកួតនៅ​អេស្ប៉ាញ​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៧​មក​​ម្ល៉េះ តែ​យប់​មិញនេះ​តារា​ឆ្នើម​វេលស៍​ជំនាញ​ជើង​ឆ្វេង​រូបនេះ​​ទទួល​បន្ទុក​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ក្នុង​នាទី​៣៥​ហើយ​ធ្វើ​បាន​ដោយ​ជោគជ័យ​។

ម្ចាស់​ផ្ទះ Numancia ដែល​កំពុង​ឈរ​លេខ​រៀង​ទី​៥​នៅ​លីគ​ទី​២​អេស្ប៉ាញ សល់​គ្នា​តែ​១០​នាក់​រយៈ​ពេល​៣០​នាទី​ចុង​ក្រោយ ដោយ Pape Maly Diamanka ​រង​ពិន័យ​កាត​​លឿង​២​ដង​។

Isco ដែ​ល​ចូលលេង​ជំនួស Dani Ceballos ក្នុង​នាទី​៧៤ ក្រោយ Bale ​​ប្ដូរ​ចេញ​ក្នុងនាទី​៦១​នោះ ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ឱ្យ​ Real មួយ​គ្រាប់​ទៀត​ក្នុងនាទី​៨៩ មុន​ពេល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Borja Mayoral ​តែត​គ្រាប់​ចុង​ក្រោយ​ក្នុងនាទី​៩០+១​។

ដោយឡែក គួរ​ដឹង​ផង​ដែរ​ថា រដូវ​​កាល​២០១៧-១៨​នេះ Bale ទើបបាន​ចូល​លេង​៦​ដង​ប៉ុណ្ណោះ​​នៅ La Liga ដោយសារ​របួស​។ ចំណែក Real ពេល​នេះ​កំពុង​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឆ្លង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ Copa del Rey ខណៈ​ជើង​ទី​២​ធ្វើ​ឡើងនៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​៕

ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព&​រូបថត​៖ BBC
Via :keiladaily