ខ្សែប្រយុទ្ធជើងចាស់ ឈិន ឈឿន ដែលទើបបានចែកផ្លូវជាមួយក្រុមក្រសួងការពារជាតិ និងខ្សែការពារវ័យចំណាស់ ទៀន ទិនី ដែលទើបបានបញ្ចប់កុងត្រាជាមួយក្លិបវិសាខា ដែរនោះ សុទ្ធតែបានចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង សម្រាប់ការប្រកួតរដូវកាលថ្មី ឆ្នាំ២០២០ ខាងមុខនេះ។

បើទោះបីជាកន្លងមកនេះ ព័ត៌មានច្បាស់ការនៃទ្រនំថ្មីរបស់ ឈិន ឈឿន ដែលធ្លាប់រួមរស់ជាមួយក្លិបក្រសួងការពារជាតិ រហូតដល់ទៅ១៥ឆ្នាំ នៅមិនទាន់ច្បាស់ការ ប៉ុន្តែគ្រូជំនួយក្រុមព្រះខ័នរាជស្វាយរៀង បានប្រាប់ថា ឈិន ឈឿន ព្រមទាំងអតីតប្រធានក្រុមវិសាខា ទៀង ទិនី បានទៅចូលរួមហ្វឹកហាត់ជាមួយក្រុមស្វាយរៀង ជាផ្លូវការហើយ។

លោក ជូ សារឿន គ្រូជំនួយក្រុមព្រះខ័នរាជស្វាយរៀង បានប្រាប់កាលពីថ្ងៃពុធថា៖«ពិតហើយ ឈិន ឈឿន និង ទៀង ទិនី បានចូលរួមហ្វឹកហាត់ជាមួយក្លិបរបស់យើងជាផ្លូវការហើយ គឺក្លិបរបស់យើង បានចាប់ផ្តើមហ្វឹកហាត់ តាំងពីថ្ងៃចន្ទមកម្ល៉េះ ដើម្បីត្រៀមការប្រកួតសំខាន់មួយ»។

ក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើការប្រកួតជម្រុះវគ្គ Play-off round នៃពានរង្វាន់ AFC Cup 2020 ជាមួយក្រុមមកពីលីកកំពូលឡាវ Master7 FC នៅក្នុងខែមរា ឆ្នាំ២០២០ ខាងមុខនេះ ហើយការឆាប់ប្រមូលផ្តុំហ្វឹកហាត់នេះ គឺក្រុមស្វាយរៀង ត្រៀមសម្រាប់ការប្រកួតនេះតែម្តង។

លោក ជូ សារឿន បានបញ្ជាក់ថា៖ «ពិតណាស់ ការចាប់ផ្តើមហ្វឹកហាត់លឿនបែបនេះ គឺផ្តោតសំខាន់ទៅលើការប្រកួតជម្រុះពានរង្វាន់ AFC Cup 2020 នេះតែម្តង ព្រោះនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលក្លិបព្រះខ័នរាជស្វាយរៀង ទើបតែមានឱកាសបានចូលរួមជាលើកដំបូង ហេតុនេះយើងត្រូវតែរៀបចំលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់»។

គួរបញ្ជាក់ថា ក្រុមស្វាយរៀង នឹងត្រូវធ្វើការប្រកួត២ជើង ជាលក្ខណៈក្នុងទឹកដី និងក្រៅទឹកដី ជាមួយក្រុម Master7 FC ដោយក្នុងនោះ ជើងទី១ ត្រូវធ្វើនៅថ្ងៃទី២២ និងជើងទី២ ធ្វើនៅថ្ងៃទី២៩ ខែមករា។ ចំណែកក្រុមឈ្នះ នឹងត្រូវឡើងទៅលេងនៅវគ្គចាប់ពូល គឺឈរនៅពូលនៅG ជាមួយនឹងក្រុមជើងឯកលីកកំពូលហ្វីលីពីន Ceres Negros ក្រុមជើងឯកលីកកំពូលឥណ្ឌូណេស៊ី Bali United និងក្រុមលេខ៣ មកពីលីកកំពូលវៀតណាម Than Quang Ninh៕