សហព័ន្ធកីឡាជាតិ រហូតដល់២៧ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និង NOCC អនុញ្ញាតឲ្យដាក់ប្រភេទកីឡារបស់ខ្លួន ចូលរួមនៅក្នុងការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ដែលត្រូវធ្វើនៅថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ខាងមុខនេះ គឺច្រើនជាងលើកទី១ ជាងពាក់កណ្តាល ប៉ុន្តែការចំណាយទៅលើការរៀបចំការប្រកួតនេះ មានរហូតដល់ ១៥០ម៉ឺនដុល្លារអាមេរិក។

បើតាមខ្លឹមសារ ដែលត្រូវបានពិភាក្សា នៅទីស្នាក់ការរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញ បានឲ្យដឹងថា ការប្រកួតកីឡាជាតិ លើកទី២នេះ មានប្រភេទកីឡាចូលរួមរហូតដល់២៧ គឺច្រើនជាង លើកទី១ ដែលមានតែ១៥ប្រភេទកីឡា។

ប៉ុន្តែគម្រោងចំណាយថវិកាជាតិ ទៅលើការប្រកួតកីឡាជាតិ លើកទី២នេះ បានកើនឡើងដល់៦០០០លានរៀល (ស្មើ១៥០ម៉ឺនដុល្លារ) គឺច្រើនជាងការប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ ដែលចំណាយអស់ប្រមាណ៣០០០លានរៀល។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានថ្លែងក្រោយកិច្ចប្រជុំនោះថា៖ «ការប្រកួតកីឡាជាតិ លើកទី២នេះ មានចំនួនប្រភេទកីឡាចូលរួមដល់ ២៧ និងមានជាង ២៧២វិញ្ញាសា ហើយយើងគ្រោងថវិកាជាតិប្រហែល ៦០០០លានរៀល សម្រាប់ចំណាយទៅលើការងារបច្ចេកទេស ប្រាក់ឧបត្ថម្ភអត្តពលិក ប្រាក់រង្វាន់គណៈកម្មការ ក៏ដូចជាការរៀបចំនានា ខណៈកីឡាជាតិ លើកទី១ យើងចំណាយប្រហែលជា៣០០០លានរៀលទេ»។

ចំពោះប្រភេទកីឡាទាំង២៧ ដែលត្រូវបានដាក់ឲ្យប្រកួតក្នុងកីឡាជាតិ លើកទី២ ឆ្នាំ២០១៨នេះ មានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយសី វាយកូនបាល់ វាយកូនឃ្លីលើតុ ចំបាប់ តេក្វាន់ដូ(WTF) ហែលទឹក ល្បុក្កតោ កាយសម្ព័ន្ធ ប្រដាល់សកល សូរិនស្ស៊ិកាំប៉ូ តេក្វាន់ដូ(ITF) ការ៉ាតេ ប្រដាល់គុនខ្មែរ យូដូ ទ្រីយ៉ាត្លុង វ៉ូវីណាម បេស្បល ប្រណាំងទោចក្រយាន សីដក់ បាញ់កាំភ្លើង បាល់ឱប និងកីឡាសូហ្វតិន្នីស។

នៅក្នុងប្រភេទកីឡាទាំងនេះ គឺភាគច្រើនត្រូវធ្វើការប្រកួតនៅលើទីកាននានា ក្នុងរាជធានីភ្នំពេញ ពិសេសក្នុងសាលនៃពហុកីឡដ្ឋានជាតិ ប៉ុន្តែកីឡាបេស្បល ត្រូវប្រកួតនៅខេត្តកំពង់ធំ ឯកីឡាប្រណាំងកង់ ត្រូវធ្វើនៅលើភ្នំបូកគោ ក្នុងខេត្តកំពត។ កីឡាទ្រីយ៉ាត្លុង ត្រូវធ្វើនៅខេត្តកែប ហើយកីឡាហែលទឹក ត្រូវប្តូរពហុកីឡដ្ឋានជាតិ ទៅធ្វើនៅពហុកីឡដ្ឋានតេជោ វិញ៕
Via :cambosport