ព្រឹត្តិការណ៍ប្រកួតកីឡាហ្វុតសាលដណ្តើមពានរង្វាន់ស្ពនស័រ ឆ្នាំ២០១៧ (Sponsor Futsal Cup) ប្រចាំនៅមណ្ឌលខេត្តព្រៃវែង ដែលនឹងត្រូវធ្វើនៅលើទីលានក្នុងក្លិបកីឡាសុកញ្ញា(អ្នកលឿង) នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ បានទទួលក្រុមចូលរួមមិនគ្រប់តាមការកំណត់នោះទេ ប៉ុន្តែការថមថយចំនួននេះ មិនបានប៉ះពាល់ដល់ការប្រកួតប្រជែងនោះទេ។

បើតាម លោក សឹម សានត្រាន តំណាងភេសជ្ជៈស្ពនស័រ និងជាអ្នកគ្រប់គ្រងការប្រកួតហ្វុតសាលដណ្តើមពានរង្វាន់ស្ពនស័រនេះ បានប្រាប់កាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកួតមណ្ឌលខេត្តព្រៃវែង មានតែ ២០ក្រុមចូលរួមទេ គឺតិចជាងគោលការណ៍ ដែលយើងបានកំណត់ គឺមួយមណ្ឌលៗ ត្រូវមានក្រុមចូលរួមតិចបំផុតត្រឹម ៣២ក្រុម និងច្រើនបំផុត ៤០ក្រុម។

យ៉ាងណាក៏ដោយ លោក សឹម សានត្រាន បានបញ្ជាក់ថា៖ «បើទោះបីជា មានក្រុមចូលរួមត្រឹម២០ ប៉ុន្តែយើងនៅតែប្រកួតបាន ដោយយើងគ្រាន់តែកែប្រែរូបមន្តប្រកួតទៅបានហើយ ហើយការទទួលបានក្រុមតិចចូលរួមបែបនេះ ដោយសារតែក្រុមមួយចំនួន ជាប់ប្រកួតបាល់ទាត់អបអរសាទរថ្ងៃ៧ មករា ដែលត្រូវបានរៀបចំឡើង នៅតាមស្រុកមួយចំនួន ក្នុងខេត្តនេះ»។

សម្រាប់ការប្រកួតមណ្ឌលភ្នំពេញ មណ្ឌលខេត្តបន្ទាយមានជ័យ និងមណ្ឌលខេត្តសៀមរាប កន្លងមកនេះ ដែលមានក្រុមចូលរួមគ្រប់តាមការកំណត់នោះ គឺការប្រកួតប្រើរូបមន្តប្រកួតចាញ់ធ្លាក់ៗ តាំងពីវគ្គជម្រុះដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែនៅមណ្ឌលខេត្តព្រៃវែងនេះ គណៈកម្មការបានប្តូរការប្រកួតជា២ដំណាក់កាល។

នៅក្នុងដំណាក់កាលទី១ គឺក្រុមទាំង២០ ត្រូវប្រកួតគ្នា ហើយ១០ក្រុម ដែលឈ្នះ ត្រូវឡើងទៅប្រកួតនៅវគ្គ១៦ក្រុម ឯក្រុមចាញ់ទាំង១០ ត្រូវដាក់ឲ្យប្រកួតគ្នាម្តងទៀត ហើយក្រុមឈ្នះចំនួន៥ រួមជាមួយក្រុមចាញ់ ដែលមានលទ្ធផលល្អជាងគេ១ក្រុមទៀត សរុប៦ក្រុម ត្រូវឡើងទៅប្រកួតវគ្គ១៦ក្រុម ជាមួយក្រុមឈ្នះទាំង១០ ដែលអង្គុយចាំ។

ចំណែកការប្រកួតដំណាក់កាលទី២ គឺចាប់ពីវគ្គ ១៦ក្រុមទៅ ត្រូវប្រកួតដោយប្រើរូបមន្តចាញ់ធ្លាក់ៗវិញ រហូតរកឃើញក្រុមលេខ១ និងលេខ២ ប្រចាំមណ្ឌលខេត្តព្រៃវែងនេះ សម្រាប់ត្រៀមឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ ជាមួយក្រុមខ្លាំងៗចំនួន៨ មកពីមណ្ឌលចំនួន៤ទៀត ខណៈមណ្ឌលភ្នំពេញ មណ្ឌលខេត្តបន្ទាយមានជ័យ មណ្ឌលខេត្តសៀមរាប បានបញ្ចប់ការប្រកួតហើយ គឺនៅតែមណ្ឌលខេត្តព្រៃវែងនេះ និងមណ្ឌលខេត្តព្រះសីហនុ តែប៉ុណ្ណោះ៕