ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការរៀបចំការប្រកួតបាល់ទាត់ដណ្តើម «ពានរង្វាន់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា» ដែលនឹងត្រូវធ្វើ ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ និងបញ្ចប់នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។

យ៉ាងណាក៏ដោយ ក្រុមទាំង៧ ដែលត្រូវបានដាក់ឲ្យប្រកួត ក្នុងព្រឹត្តិការណ៍បាល់ទាត់ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន នេះ គឺសុទ្ធតែជាក្រុមតំណាងឲ្យអគ្គនាយកដ្ឋាន និងអគារធិការដ្ឋាន ស្ថិតក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា គឺគ្មានក្រុមមកពីខាងក្រៅឡើយ។

បើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការរៀបចំឲ្យមានការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សុខមាលភាព ទាំងផ្លូវកាយ បញ្ញា ស្មារតី សីលធម៌ មិត្តភាព សាមគ្គីភាព ភាពសប្បាយរីករាយ និងលើកកម្ពស់ប្រសិទ្ធិភាពការងារ បានល្អប្រសើរ ដល់អង្គភាពនានា ក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា៕