បេសកកម្មប្រកួតមិត្តភាពក្រៅស្រុក ដើម្បីត្រៀមរដូវកាលថ្មីរបស់ក្រុមសមាជិកលីគកំពូលម៉ាឡេស៊ី ២ក្រុមរួមមានក្រុម Terengganu FC ក្រុមថ្មីរបស់កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន និងក្រុម Pahang FA ក្រុមថ្មីរបស់កីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា នៅលើទឹកដីកម្ពុជា និងថៃបានបញ្ចប់ហើយ ហើយក្រុមទាំងពីរ ក៏បានត្រឡប់ទៅម៉ាឡេស៊ីវិញដែរ ដើម្បីត្រៀមជួបគ្នាកម្ដៅសាច់ដុំលើទឹកដីខ្លួនវិញម្ដងនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ចុងសប្ដាហ៍នេះ។

ចំពោះក្រុម Terengganu FC បានមកប្រកួតជាមួយក្រុមខ្លាំងៗកម្ពុជា ៣ប្រកួត ខណៈលទ្ធផលឈ្នះ១ និងចាញ់ ២ រួមមានឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ១-០, ចាញ់ក្រសួងការពារជាតិ ៦-៣ និងចាញ់ក្រុមភ្នំពេញក្រោន ២-១។ ចំណែកបេសកកម្មលើទឹកដីថៃរបស់ក្រុម Pahang FC គឺមាន៣ប្រកួតដូចគ្នា តែលទ្ធផលផ្ទុយគ្នា ក្នុងនោះក្រុម Pahang ឈ្នះ២ និងចាញ់១ គឺបានយកឈ្នះក្រុមថៃ Muangthong United B ៣-១, យកឈ្នះក្រុម Air Force Central ៤-១ តែចាញ់ក្រុមកូរ៉េខាងត្បូង Gyeongnam ១-០។

ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ សម្រាប់៣ប្រកួតរបស់ក្រុម Terengganu FC និងក្រុម Pahang FA គឺសុទ្ធតែមានវត្តមានកីឡាករជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន និងកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ជាប់ជម្រើស ១១នាក់ដំបូង បន្ទាប់ពីពួកគេបានចុះកិច្ចសន្យាលេងឲ្យក្លឹបសមាជិកលីគកំពូលម៉ាឡេស៊ីកាលពីចុងឆ្នាំ២០១៧។

ក្រោយបញ្ចប់បេសកកម្មខាងលើ ក្រុមទាំងពីរបានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីរៀងៗខ្លួន កាលពីម្សិលមិញ ដើម្បីត្រៀមប្រកួតកម្ដៅសាច់ដុំ ត្រូវប៉ះគ្នាវិញម្ដងនៅថ្ងៃទី១៤ ខែមករាខាងមុខ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាព មុនឈានដល់ការប្រកួតផ្លូវការនៃលីគកំពូលម៉ាឡេស៊ី ដែលគ្រោងបើកការប្រកួតដំណាលជាមួយលីគកំពូលកម្ពុជា នាដើមខែមីនា ឆ្នាំ២០១៨ខាងមុខ៕

អត្ថបទ៖ KhmerTalking