ការប្រកួតកីឡាកងយោធខេមរភូមិន្ទ(កីឡាកងទ័ព) និងពិព័រណ៍កងទ័ព ឆ្នាំ២០១៨ ដែលធ្វើនៅថ្ងៃសុក្រនេះ នឹងត្រូវបញ្ចប់នៅអាទិត្យ ត្រូវបានលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ថា មានទ្រង់ទ្រាយធំជាងឆ្នាំមុន ប៉ុន្តែមានគោលបំណងធំៗចំនួន៤ដូចកាលពីឆ្នាំមុនដែរ។

លោក ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា៖ «ការប្រកួតកីឡាកងយោធខេមរភូមិន្ទ និងពិព័រណ៍កងទ័ព នៅឆ្នាំនេះ ក៏ដូចជាឆ្នាំទៅ ដែលយើងបានធ្វើ គឺមានគោលបំណងធំៗចំនួន៤ ទី១ គឺអបអរសាទរខួបលើកទី៣៩ នៃទិវាជ័យជម្នះ ៧ មករា ដែលជាជ័យជម្នះជាតិរបស់យើង ពីរបបប្រល័យពូជសាសន៍ ហើយវាក៏ជាសមិទ្ធផលធំធេងមួយរបស់កងទ័ព ដែលបានចូលរួមជួយរំដោះប្រទេសជាតិ»។

លោកបានបន្ថែមថា៖ «ទី២ គឺដើម្បីរំឭកដល់អតីតយុទ្ធជនរបស់យើង អ៊ីចឹងហើយកម្មវិធីនេះទាំងមូល គឺដើម្បីប្រមូលថវិកាជួយដល់អតីតយុទ្ធជន។ ទី៣ ឲ្យមហាជនរបស់យើង ពិសេសយុវជនយល់អំពីកងទ័ព និងតួនាទីភារកិច្ចរបស់កងទ័ព ក្នុងការការពារទឹកដី ការពារសុខសន្តិភាព និងបម្រើប្រជាពលរដ្ឋ ហើយទី៤ដើម្បីបង្កើនចំណងមិត្តភាពរវាងកងទ័ព និងមហាជន ដើម្បីឲ្យចំណងនេះ កាន់តែរឹងមាំ និងប្រកបដោយសុខដុមរម្យនា»។

បើតាមលោក ហ៊ុន ម៉ាណែត គឺការប្រកួតកីឡាកងទ័ព ដែលនឹងត្រូវធ្វើត្រឹមមួយថ្ងៃ នៅថ្ងៃសៅរ៍នេះ មានការកើនឡើងនូវចំនួនក្រុមចូលរួមពី ៣២ក្រុម កាលពីឆ្នាំមុន ទៅដល់ ៤៦ក្រុមនៅឆ្នាំនេះ ហើយក្នុងនោះការចូលរួមរបស់មហាជន និងក្រុមស៊ីវិល ក៏បានកើនពី ១៦ក្រុមរហូតដល់ជាង២០ក្រុមផងដែរ ដែលធ្វើឲ្យអ្នកចូលរួមនៅឆ្នាំនេះមានជាង៥០០នាក់។
ជាមួយនឹងការកើនឡើងនៃចំនួនអ្នកចូលរួមនេះ លោក ហ៊ុន ម៉ាណែត បានបញ្ជក់ថា យើងបានបង្កើនឧបសគ្គទៅជា ២ដង បើធៀបនឹងឆ្នាំមុន ហើយលក្ខខណ្ឌនៃការប្រកួតក៏មានការកែសម្រួលបន្ថែមខ្លះដែរ ហើយការធ្វើបែបនេះ គឺយើងចង់ឲ្យក្រុមនីមួយៗ បង្កើនការប្រឹងប្រែប្រកួតរួមគ្នា ដើម្បីដណ្តើមយកជ័យជម្នះ។

សម្រាប់ការប្រកួតនេះ ត្រូវបែងចែកការប្រកួតជា ២ប្រភេទដាច់ពីគ្នា ក្នុងនោះប្រភេទទី១ មានវិញ្ញាសាររត់កុម៉្មង់ដូចម្ងាយ ៤គីឡូម៉ែត្រ សែងហ្វ្រង់កាចំនួន២ (១ទម្ងន់ ៥០គីឡូក្រាម) ចម្ងាយ២គីឡូម៉ែត្រ និងវិញ្ញាសារត់ឆ្លងកាត់ឧបសគ្គសហមូហភាព ឯប្រភេទទី២ មានវិញ្ញាសារត់កុម៉្មង់ដូចម្ងាយ ៣គីឡូម៉ែត្រ សែងហ្វ្រង់កាចំនួន២ (១ទម្ងន់ ៥០គីឡូក្រាម) ចម្ងាយ១គីឡូម៉ែត្រ និងវិញ្ញាសារត់ឆ្លងកាត់ឧបសគ្គសហមូហភាព។

បន្ថែមទៅលើការប្រកួតប្រជែងលើកីឡាបែបកងទ័ពនេះ គឺព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្រ្តីខ្នាតធំ ក្រោមវត្តមានរបស់តារាចម្រើងល្បីៗជាច្រើន ហើយនៅក្នុងបរិវេទទីលាននៅកោះពេជ្រ ត្រូវបានរៀបចំគេឲ្យបង្កើតជាព្រៃសិប្បនិម្មិត និងដាក់តាំងសម្ភារយោធា មានរថគ្រោះ រថពាសដែក និងអាវុធជាច្រើនទៀត ដែលមានទ្រង់ទ្រាយធំ និងគួរឲ្យចាប់អារម្មណ៍ជាងឆ្នាំមុន៕