ក្រុមបាល់ទាត់លីគកំពូលម៉ាឡេស៊ី ២ក្រុម ដែលមានសមាជិកថ្មីជាកីឡាករជម្រើសជាតិកម្ពុជា គឺក្រុម Pahang FA របស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និងក្រុម Terengganu FC របស់កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន នឹងត្រូវប្រឈមមុខដាក់គ្នា ក្នុងពានរង្វាន់មិត្តភាពកម្ដៅសាច់ដុំមួយនេះនាល្ងាចថ្ងៃទី១៥ ខែមករានេះ Ismail Nasiruddin Shah Terengganu នៅកីឡដ្ឋាន Ismail Nasiruddin Shah Terengganu។

ពានរង្វាន់លក្ខណៈមិត្តភាពដែលក្រុមទាំងពីរត្រៀមជួបគ្នាមានឈ្មោះថា Y.A.B Menteri Besar Terengganu’s Cup ដែលរៀបចំដោយក្លឹប Terengganu FC ហើយមានក្រុមបាល់ទាត់ម៉ាឡេស៊ី ៤ក្រុមចូលរួម គឺក្រុមម្ចាស់ផ្ទះ Terengganu FC, ក្រុមលីគលំដាប់ទី២ Terengganu FC II, ក្រុម Melaka United និងក្រុមជើងខ្លាំង Pahang FA ខណៈការប្រកួតគ្រោងនឹងធ្វើឡើងរយៈពេលជិត ១សប្ដាហ៍ចាប់ពីថ្ងៃទី១៥-២០ ខែមករា ឆ្នាំ២០១៨។

ប៉ុន្ដែតាមគម្រោងក្រុម Pahang FA និង Terengganu FC ត្រូវជួបគ្នាតាំងពីថ្ងៃទី១៤ ខែមករា ក្រោយបញ្ចប់បេសកកម្មប្រកួតប្រកួតមិត្តភាពកម្ដៅសាច់ដុំនៅកម្ពុជា និងថៃមកម្ល៉េះ តែដោយសារកម្មវិធីមមាញឹក អ្នករៀបចំពានមិត្តភាពខាងលើ ក៏លើកមករៀបចំប្រកួតបើកឆាកថ្ងៃនេះវិញ។ នេះគឺជាជំនួបលើកដំបូង សម្រាប់ឆ្នាំ២០១៨ ខណៈអ្នកគាំទ្រកម្ពុជា កំពុងទន្ទឹងរង់ចាំដើម្បីការប្រកួតនេះ នឹងមានវត្តមានកីឡាករកម្ពុជា ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ចូលរួមឬយ៉ាងណា គ្រាដែលប្រកួតមិត្តភាពនៅកម្ពុជា និងថៃ ពួកគេសុទ្ធតែជាប់ជម្រើសជាតិ ១១នាក់ដំបូង ៣ប្រកួតដូចៗគ្នា។

សូមបញ្ជាក់ថា មុនជួបគ្នាល្ងាចនេះ ក្រុមទាំងពីរបានឆ្លងកាត់ ៣ប្រកួតរៀងៗខ្លួនលើទឹកដីកម្ពុជា និងថៃ ក្នុងនោះក្រុម Terengganu FC ប្រកួតជាមួយក្រុមខ្លាំងៗកម្ពុជា ៣ប្រកួត បានបញ្ចប់ដោយលលទ្ធផលឈ្នះ១ និងចាញ់២ រួមមានឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ១-០, ចាញ់ក្រសួងការពារជាតិ ៦-៣ និងចាញ់ក្រុមភ្នំពេញក្រោន ២-១។ ចំណែកបេសកកម្មលើទឹកដីថៃរបស់ក្រុម Pahang FC គឺមាន ៣ប្រកួតដូចគ្នា តែលទ្ធផលផ្ទុយគ្នា ក្នុងនោះក្រុម Pahang ឈ្នះ២ និងចាញ់១ គឺមានឈ្នះក្រុមថៃ Muangthong United B ៣-១, យកឈ្នះក្រុម Air Force Central ៤-១ តែចាញ់ក្រុមកូរ៉េខាងត្បូង Gyeongnam ១-០៕

អត្ថបទ៖ KhmerTalking