នៅទីបំផុត តំណែងជើងឯក ការប្រកួតពានរង្វាន់អន្តរជាតិកម្រិតតំបន់ MATIC (Mission Against Terror International Championship) ដែលក្រុមកីឡាអេឡិចត្រូនិករបស់កម្ពុជា Never Care បានគ្រប់គ្រង កាលពីឆ្នាំ២០១៧នោះ បានធ្លាក់ទៅលើក្រុម Sync Gaming របស់ប្រទេសម៉ាឡេស៊ី វិញម្តង។

សម្រាប់ការប្រកួតពានរង្វាន់ MATIC 2018 នេះ ក្រុម Sync Gaming របស់ប្រទេសម៉ាឡេស៊ី បានឈ្នះគ្រប់ការប្រកួតទាំងអស់ ហើយក្រុមមួយនេះក៏ជាផ្នែកមួយ ដែលបានរួមចំណែកក្នុងការទម្លាក់ក្រុម Infinity របស់កម្ពុជា ក្នុងវគ្គសន្សំពិន្ទុប្រចាំពូលA ផងដែរ មុនពេល Sync Gaming បានយកឈ្នះក្រុម Never Care នៅវគ្គផ្តាច់ព្រ័ត្រ។

នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដែលបានបញ្ចប់ កាលពីយប់ម៉ោង៧ ថ្ងៃអាទិត្យ ម្សិលមិញនោះ ក្រុម Sync Gaming បានយកឈ្នះក្រុម Never Care របស់កម្ពុជា ២-០ បន្ទាប់ពីបានឈ្នះទាំង៥ប្រកួត ក្នុងវគ្គសន្សំពិន្ទុប្រចាំពូលA រួមទាំងការបន្តយកឈ្នះក្រុមម្ចាស់ផ្ទះថៃ Nazarick ៥-១ ក្នុងវគ្គខ្វែង៨ក្រុម និងឈ្នះក្រុមរួមជាតិ Suicide ៥-៤ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជាមួយជ័យជម្នះនេះបានជួយឲ្យក្រុម Sync Gaming ក្លាយជាម្ចាស់ជើងឯកពានរង្វាន់អន្តរជាតិប្រចាំតំបន់ MATIC 2018 អមជាមួយប្រាក់រង្វាន់ ១៥០០០ ដុល្លារ និងមានកំណត់ត្រាល្អបំផុត គឺឈ្នះគ្រប់ការប្រកួតទាំងអស់។

ចំណែកក្រុម Never Care របស់កម្ពុជា បានទទួលចំណាត់ថ្នាក់លេខ២ ជំនួសតំណែងជើងឯក កាលពីឆ្នាំ២០១៧ និងទទួលបានប្រាក់រង្វាន់ ៧០០០ដុល្លារ។ រីឯក្រុម Suicide បានយកឈ្នះក្រុម EDP ROG របស់សិង្ហបុរី ដើម្បីទទួលបានលេខ៣ និងប្រាក់រង្វាន់៤០០០ដុល្លារ ឯក្រុមលេខ៤ EDP ROG បានប្រាក់រង្វាន់លើកទឹកចិត្តចំនួន២៥០០ដុល្លារ។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ MATIC 2018 នេះមាន១២ក្រុមចូលរួម មកពី៦ប្រទេស ក្នុងនោះម្ចាស់ផ្ទះថៃ មាន៣ក្រុម កម្ពុជា មាន២ក្រុម ចិន មាន២ក្រុម សិង្ហបុរី មាន២ក្រុម ម៉ាឡេស៊ី មាន២ក្រុម និងឥណ្ឌូណេស៊ី មាន១ក្រុម៕