(ភ្នំពេញ)៖ បន្ទាប់ពីរួមរស់ជាមួយក្រុមបឹងកេតអែហ្វស៊ីបាន ៤រដូវកាលកន្លងទៅ ក្រុមជើងឯក ៣សម័យកាលមួយនេះ បានប្រកាសចែកផ្លូវការជាមួយខ្សែការពារជម្រើសជាតិកម្ពុជា រស់ សំអឿន ហើយ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមបឹងកេត នៅលើគណនីហ្វេសប៊ុនផ្លូវការរបស់ក្លឹបកាលពីយប់មិញ។

បឹងកេតបានប្រកាសថា «ក្លឹបសូមប្រកាសអំពីការចាកចេញរបស់កីឡាករខ្សែការពារ រស់ សំអឿន នៅថ្ងៃនេះ ក្រោយសុពលភាពនៃកិច្ចសន្យាបានបញ្ចប់។ សំអឿន បានផ្លាស់មកបឹងកេត តាំងពីឆ្នាំ២០១៣ ហើយបានជួយឲ្យក្លឹបទទួលបានជើងឯកលីគកំពូល ២សម័យកាល នៅរដូវកាលឆ្នាំ២០១៦ និងឆ្នាំ២០១៧ ឈ្នះពានរង្វាន់បើករដូវកាល CNCC CUP 2017 ក៏ដូចជាជ្រោមជ្រែងក្លឹបក្នុងការប្រកួតពានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិនាពេលកន្លងមក»។

ប៉ុន្ដែមុនពេលក្លឹបប្រកាសចែកផ្លូវជាមួយកីឡាករវ័យ ២៣ឆ្នាំរូបនេះ មានព័ត៌មានច្បាស់ការមួយបានទម្លាយថា រស់ សំអឿន ក្រោយបញ្ចប់កិច្ចសន្យាជាមួយបឹងកេត គេបានត្រៀមវេចបង្វេចទៅរួមរស់ជាមួយក្រុមថ្មី គឺក្រុមវិសាខា ដែលជាសមាជិកថ្មីរបស់លីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ២០១៨។ តែព័ត៌មាននេះ មិនត្រូវបានតំណាងក្រុមវិសាខា ឆ្លើយបញ្ជាក់នោះទេ ដ្បិតក្លឹបរង់ចាំការធ្វើសន្និសីទ ដើម្បីប្រកាសជាផ្លូវការ នាពេលឆាប់ៗខាងមុខ៕
By: khmertalking