ក្រុមមានមូលដ្ឋាននៅភ្នំពេញគឺ Down Town Plus បានក្លាយជាម្ចាស់ជើងឯក ប្រចាំមណ្ឌលក្រុងព្រះសីហនុ នៃការប្រកួតហ្វុតសាលដណ្តើមពានរង្វាន់ស្ពនស័រ លើកទី៦ ឆ្នាំ២០១៧ (Sponsor Futsal Cup 2017) បន្ទាប់ពីក្រុមមួយនេះបានជម្នះការប្រជែងអស់រយៈពេល ២ថ្ងៃ និងបានបញ្ចប់កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ។

តាមរយៈការប្រកួត ២ថ្ងៃ នៅលើទីលាន ក្នុងក្លិបកីឡាជេក(ផ្លូវអូរ២) កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយមាន ៤០ក្រុមចូលរួមនោះ ក្រុម Down Town Plus បានឈ្នះគ្រប់ការប្រកួតទាំងអស់ ហើយពួកគេក៏បានទម្លាក់ក្រុមជើងឯកឆ្នាំចាស់ យុវជននរគបាលខេត្តព្រះសីហនុ តាមរយៈការយកឈ្នះ ៣-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។

ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុម Down Town Plus បានយកឈ្នះក្រុមស្នងការខេត្តព្រះសីហនុ ១-០ ដើម្បីក្លាយជាម្ចាស់ជើងឯក អមជាមួយប្រាក់រង្វាន់២លានរៀល ខណៈក្រុមស្នងការខេត្តព្រះសីហនុ បានទទួលប្រាក់រង្វាន់១,៦លានរៀល។

បន្ថែមលើនេះ ក្រុម Down Town Plus និងក្រុមស្នងការខេត្តព្រះសីហនុ បានក្លាយជាបេក្ខភាពតំណាងឲ្យមណ្ឌលព្រះសីហនុ ដែលត្រូវឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ ជាមួយក្រុមខ្លាំងៗចំនួន៨មកពីមណ្ឌល៤ទៀត មានក្រុមកណ្តុរសអេហ្វស៊ី ក្រុម Panda FC មកពីមណ្ឌលខេត្តព្រៃវែង ក្រុម Rolling FC ក្រុម Home Sport FC មកពីមណ្ឌលភ្នំពេញ ក្រុម Sisophon FC ក្រុម Family FC របស់មណ្ឌលខេត្តបន្ទាយមានជ័យ ក្រុម Garuda FC និងក្រុម Next Step FC មកពីមណ្ឌលខេត្តសៀមរាប។

យ៉ាងណាក៏ដោយ លោក សឹម សានត្រាន តំណាងភេសជ្ជៈស្ពនស័រ និងជាអ្នកគ្រប់គ្រងការប្រកួតនេះ បានប្រាប់ថា កម្រិតលេងរបស់ក្រុមលេខ១ និងលេខ១ ដែលទើបឈ្នះកៅអីនៅមណ្ឌលក្រុងព្រះសីហនុនេះ អាចទាបជាងក្រុមខ្លាំងនៅមណ្ឌលភ្នំពេញ និងមណ្ឌលខេត្តសៀមរាប ប៉ុន្តែអាចប្រដំប្រសងជាមួយក្រុមឈ្នះកៅអីមកពីមណ្ឌលខេត្តបន្ទាយមានជ័យ និងមណ្ឌលខេត្តព្រៃវែង៕