អ្នកប្រដាល់ស្រករក្រោយ សៅ វណ្ណា សង្ឃឹមមានកេរ្តិ៍ឈ្មោះល្បីដូចកីឡាករគុនខ្មែរដទៃទៀត ក្រោយឈ្នះជើងឯកពានរង្វាន់ TV5 Knock Out Series By Kcement កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
សៅ វណ្ណា បានឲ្យដឹងថា សប្បាយរីករាយជាខ្លាំងបន្ទាប់ពីអាចយកឈ្នះរៀមច្បង អ៊ុំ វណ្ណេត ព្រោះបើគិតទៅរូបគេជាអ្នកប្រដាល់ទើបតែប្រឡូកក្នុងវិស័យឈឺខ្លួនមួយនេះមិនទាំងដល់កន្លះឆ្នាំស្រួលបួលផងនោះ។ សូម្បីការឡើងសង្វៀនប្រកួតប្រហែលជា ៣០ដងប៉ុណ្ណោះ ប៉ុន្តែលទ្ធផលល្អហើយឈានដល់ឈ្នះពានលេខ១ទៀតផង។
អ្នកលេងគុនខ្មែរមកពីស្រុកជើងព្រៃខេត្តកំពង់ចាមបន្ថែមទៀតថា ពានរង្វាន់លេខ១នេះ រឹតតែជំរុញទឹកចិត្តរបស់ខ្លួនខំប្រឹង ពង្រឹងសមត្ថភាពហ្វឹកហាត់ឲ្យបានទៀងទាត់ ហើយកែប្រែចំណុចខ្វះខាតទាំងប៉ុន្មានឲ្យប្រសើរឡើងវិញ។ ប្រកួតក្រោយៗទៀតសង្ឃឹមថា មានឱកាសឈានដល់វ៉ៃជាមួយបរទេសលក្ខណៈមិត្តភាពអន្តរជាតិ ព្រោះបច្ចុប្បន្ននេះមិនទាន់ស្គាល់ជាតិប្រកួតអន្តរជាតិនោះទេ។
សៅ វណ្ណា ប្រកួតចុងក្រោយយកឈ្នះកីឡាកររៀមច្បង អ៊ុំ វណ្ណេត ដោយពិន្ទុនាជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ TV5 Knock Out Series By Kcement កាលពីថ្ងៃសៅរ៍ ទី១៣ មករា កន្លងទៅនេះ។ សម្រាប់ម្ចាស់ពានលេខ១ ទទួលបានប្រាក់រង្វាន់៤០០០ដុល្លារ លេខ២ ទឹកប្រាក់២០០០ដុល្លារ លេខ៣ ទឹកប្រាក់៧៥០ដុល្លារ និងលេខ៤ ទឹកប្រាក់៥០០ដុល្លារ៕
Via: Sabay
សៅ វណ្ណា សង្ឃឹមមានកេរ្តិ៍ឈ្មោះល្បី ក្រោយឈ្នះពានរង្វាន់ TV5 ថ្មីៗនេះ
អត្ថបទទាក់ទង