ក្រុមក្រសួងការពារជាតិ (ទ័ព) នឹងរៀបចំពិធីចុះកិច្ចសន្យាជាមួយកីឡាករបរទេសទាំង៥នាក់ នៅកីឡដ្ឋានស្តាតចាស់ នាល្ងាចម៉ោង ៤:៣០ ថ្ងៃអង្គារនេះ ដើម្បីត្រៀមការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។

តាមរយៈការប្រកួតមិត្តភាពអន្តរជាតិ ត្រៀមបើករដូវកាលថ្មីនៃលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ជាមួយក្រុមទាំង២ មកពីលីកកំពូលម៉ាឡេស៊ី កន្លងមកនេះ ក្រុមទ័ព សម្រិតសម្រាំងបានកីឡាករបរទេស៦នាក់ ក្នុងនោះមានកីឡាករមកពីកូរ៉េខាងត្បូង៥នាក់ និងជប៉ុន ១នាក់។

កីឡាករកូរ៉េខាងត្បូង Song Chihoon (ពាក់លេខ ១០) Na Hyosung (ពាក់លេខ ២៨) Nohsarg Min (ពាក់លេខ ៣២) Lee Junhyeob (ពាក់លេខ ២០) Yoo Jae Ho (ពាក់លេខ ២៣) និងខ្សែបម្រើជប៉ុន Yudai Ogawa ដែលពាក់លេខ ៦ គឺជាបេក្ខភាព ដែលបានជាប់នៅក្នុងការធ្វើតេស្តរបស់ក្រុមទ័ព កន្លងមកនេះ។

ទាក់ទងនឹងសមាសភាពកីឡាទាំង៦នាក់នេះ លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ ធ្លាប់បានប្រាប់ថា៖ «កីឡាករបរទេស ៦ នាក់នេះ យើងនឹងជម្រុះចោល ១ នាក់ទៀត គឺទុកតែ ៥ នាក់ទេ សម្រាប់ដាក់ឲ្យចូលរួមជាមួយក្រុមទ័ព ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំនេះ។ យើងបានសម្រេចរួចហើយថា យើងនឹងយក ៥ នាក់ចេញពីអ្នកទាំង ៦ នេះ»។

យោងតាមការលើកឡើងនេះ បានបង្ហាញថា កម្មវិធីចុះកិច្ចសន្យាជាមួយកីឡាករបរទេស នៅល្ងាចម៉ោង ៤:៣០ ថ្ងៃអង្គារនេះ គឺជាពេលដែលក្រុមទ័ព ត្រូវបង្ហាញកីឡាករបរទេស៥នាក់ ដែលត្រូវបានសម្រេចជ្រើសរើសចុងក្រោយ ចេញពីកីឡាករបរទេសទាំង៦នោះ ដែលបានជាប់ការធ្វើតេស្ត កន្លងមកនេះ៕