ក្រុមក្រសួងការពារជាតិ(ទ័ព) បានបង្ហាញពីការសោកស្តាយចំពោះការទទួលបានត្រឹមជើងឯករងចំនួន ២រដូវកាលជាប់ៗគ្នា ក្នុងការប្រកួតលីកកំពូលកម្ពុជា កន្លងមកនេះ ប៉ុន្តែរដូវកាលថ្មី ឆ្នាំ២០១៨នេះ ក្រុមទ័ព បានបង្ហាញពីមហិច្ឆតា ក្នុងការឈ្នះពាន បន្ទាប់ពីក្រុមមួយនេះបានចុះក្រុងត្រាជាមួយកីឡាករកូរ៉េខាងត្បូង និងជប៉ុនសរុប៥នាក់ កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ។

កីឡាករកូរ៉េខាងត្បូង Yoo Jae Ho ពាក់លេខ៦ Lee Junhyeob ពាក់លេខ១០ Na Hyosung ពាក់លេខ២៨ កីឡាករជប៉ុន Yudia Ogawa ពាក់លេខ៩ និង Daiki Matsumoto ពាក់លេខ២៤ គឺជាបេក្ខភាព ដែលបានចុះកុងត្រាលេងឲ្យក្រុមទ័ព ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨នេះ គឺជំនួសកីឡាករកូរ៉េខាងជើងទាំង៤នាក់ ដែលបានប្តូរទៅលេខឲ្យក្លិបវិសាខា។

បើតាមលោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លិបក្រសួងការពារជាតិ បានឲ្យដឹងថា តម្លៃខ្លួនរបស់អ្នកទាំង៥នេះ ចូលជាង៧០០០ដុល្លារ ក្នុង១ខែ គឺប្រហាក់ប្រហែលនឹងការចំណាយទៅលើកីឡាករកូរ៉េខាងជើងទាំង៤នាក់ កន្លងមកដែរ ប៉ុន្តែលោកលើកឡើងថា កម្រិតនៃការលេងរបស់អ្នកទាំង៥ អាចប្រសើរជាង។

លោក ខូវ ឆាយ បាននិយាយថា៖ «កីឡាករបរទេសទាំង៥នាក់នេះ បានចុះកុងត្រាលេងឲ្យក្លិបរបស់ក្លិបយើងពេញមួយរដូវកាល ហើយសមត្ថភាពរបស់ពួកគាត់ អាចទទួលយកបាន។ខ្ញុំគិតថា ពួកគាត់ អាចជួយក្លិបឲ្យដណ្តើមបានលទ្ធផលល្អ ក្នុងការប្រកួតលីកកំពូលកម្ពុជា នៅរដូវកាល ឆ្នាំ២០១៨នេះ»។

នៅពេលសួរពីមហិច្ឆតា សម្រាប់ការប្រកួតលីកកំពូល នៅឆ្នាំនេះ អ្នកចាត់ការទូទៅរូបនេះ បានបញ្ជាក់ថា៖ «យើងបានទទួលជើងឯករងលីកកំពូល២ឆ្នាំហើយ គឺលើកទី១ កាលឆ្នាំ២០១៦ យើងបានចាញ់ក្រុមបឹងកេត ១ពិន្ទុ ហើយឆ្នាំ២០១៧ កន្លងមកនេះ យើងបានចាញ់ក្រុមបឹងកេត ដោយការស៊ុតបាល់ប៉េណាល់ទី ដ៏គួរឲ្យសោកស្តាយបំផុត អ៊ីចឹងមហិច្ឆតារបស់យើង នៅឆ្នាំនេះ គឺយើងចង់បានតំណែងជើងឯក ដើម្បីបានក្លាយជាក្រុមតំណាងឲ្យកម្ពុជាទៅប្រកួតនៅក្រៅប្រទេស»៕