កីឡាករបម្រើកណ្តាលរបស់ក្រុមក្រសួងការពារជាតិ(ទ័ព) ច្រឹង ពលរដ្ឋ ដែលធ្លាប់បានបង្ហាញភាពលេចធ្លោរ ក្នុងការលេងឲ្យក្រុមជម្រើសជាតិកម្ពុជា កន្លងមកនេះ គឺមានក្លិបក្នុងស្រុកចំនួន២ កំពុងចចារនាំយករូបគេទៅលេងជាមួយ សម្រាប់ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨នេះ។

ដំណឹងនៃការសុំចរចារបស់ក្លិបក្នុងស្រុកទាំង២ មកលើខ្សែបម្រើវ័យក្មេង ច្រឹង ពលរដ្ឋ នេះ ត្រូវបានលោក ខូវ ឆាយ បង្ហើបឲ្យដឹង កាលពីល្ងាចថ្ងៃអង្គារ ប៉ុន្តែលោកមិនប្រាប់ពីឈ្មោះក្លិបទាំង២ ដែលកំពុងចរចាទិញ ច្រឹង ពលរដ្ឋ នោះទេ។

លោក ខូវ ឆាយ បាននិយាយថា៖ «ច្រឹង ពលរដ្ឋ នៅពេលនេះ មានរបួស មិនទាន់អាចលេងបានទេ ហើយយើងក៏កំពុងចរចាជាមួយក្លិបក្នុងស្រុក២ ដែលគេចង់បាន ច្រឹង ពលរដ្ឋ។ ហេតុនេះ ប្រហែលជាមានការសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ គឺលទ្ធភាពក្នុងការដោះដូរនេះសម្រាប់ ច្រឹង ពលរដ្ឋ គឺមានច្រើន»។

បើទោះបីជា មិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់ពីការដោះដូររបស់ ច្រឹង ពលរដ្ឋ ប៉ុន្តែអាវលេខ២៤ ដែល ច្រឹង ពលរដ្ឋ ធ្លាប់ពាក់លេងនៅក្រុមទ័ព ត្រូវបានប្រគល់ទៅឲ្យកីឡាករជប៉ុន Daiki Matsumoto ពាក់ទៅហើយ ហេតុនេះ សម្រាប់ការប្រកួតលីកកំពូលកម្ពុជា រដូវកាលនេះ ក្រុមទ័ព នឹងលក់ ឬក៏ដោះដូរ ច្រឹង ពលរដ្ឋ ទៅឲ្យក្លិបណាមួយជាមិនខាន៕